2023-06-23 01:06
201

 

ពោធិ៍សាត់៖ ក្នុងភូមិសាស្ត្រទឹកដី នៃខេត្តពោធិសាត់ មានស្រុកចំនួន ០៣ និងក្រុងចំនួន ០១ ត្រូវបានអាជ្ញាធរមីនថ្នាក់ជាតិ ប្រកាសទទួលស្គាល់ថាអស់គ្រាប់មីន។ 
ពិធិប្រកាសនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសថា ក្រុងពោធិ៍សាត់ ,ស្រុកបាកាន ,ស្រុកក្រគរ និងស្រុកកណ្ដៀង ជាក្រុង-ស្រុក អស់មីន ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 


ពិធីប្រកាសស្រុក០៣ និងក្រុង០១ របស់ខេត្តពោធិ៍សាត់ អស់គ្រាប់មីននេះ មានកិច្ចសហការរៀបចំរវាងអាជ្ញាធរមីន រដ្ឋបាលខេត្តពោធិ៍សាត់ និងអង្គភាពស៊ីម៉ាក់ ព្រមទាំងមានការចូលរួមពី តំណាងរាស្ត្រ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករជាតិ-អន្តរជាតិ ប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនទៀត។ 
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ា បានលើកឡើងថា ទោះបីសង្គ្រាមផ្ទៃក្នុងត្រូវបានបញ្ចប់ និងសន្តិភាពកើតមានក៏ពិតមែន ប៉ុន្តែវត្តមានគ្រាប់មីន កាកសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តជាឧបសគ្គ និងជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ហើយខេត្តពោធិ៍សាត់ គឺជាខេត្តមួយធ្លាប់រងគ្រោះដោយសារសង្គ្រាមយ៉ាងធ្ងន់ធ្ងរ។ 
លោករដ្ឋមន្ត្រី បានលើកឡើងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ មានជនរងគ្រោះ ចំនួន ៣,៩៣៥នាក់ ស្មើនឹង៦.០៥% និងជាប់ចំណាត់ថ្នាក់ទី៥ នៃគ្រោះថ្នាក់ទូទាំងប្រទេសបន្ទាប់ពីខេត្តបាត់ដំបង ,បន្ទាយមានជ័យ ,សៀមរាប និងខេត្តឧត្តរមានជ័យ ហើយក្នុងចំណោមជនរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សរុបចំនួន ៦៥,០២៥នាក់។
លោករដ្ឋមន្ត្រី ស៊ុយ សែម បានរំឮកងា ចាប់តាំងពីចាប់ផ្ដើមស្ដារការរស់ឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកសកម្មភាពមីន ជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងផែនការយុទ្ធសាស្ត្រជាតិសំខាន់ៗព្រមទាំងបានប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន ទៅជាប្រទេសដែលចែករំលែកបទពិសោធន៍លើឆាកអន្តរជាតិនៅតាមបណ្ដាប្រទេសកំពុងជួបប្រទះនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ 
លោករដ្ឋមន្ត្រី បឋមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកអាជ្ញាធរមីន ដែលបានបំពេញការងារទទួលជោគជ័យប្រកបដោយផ្លែផ្កាធ្វើឲ្យសហគមន៍អន្តរជាតិទទួលស្គាល់នូវសមត្ថភាពលើការងារបោសសម្អាតមីននៅកម្ពុជា។ ជាពិសេសអគុណដល់បណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិអន្តរជាតិ សប្បុរសជននានា និងប្រតិបត្តិករបោសសម្អាត មីនជាតិ-អន្តរជាតិ ដែលតែងតែជួយដល់រាជរដ្ឋាភិបាលផ្ដល់នូវការឧបត្ថម្ភគាំទ្រទាំងសម្ភារថវិកា និងបច្ចេកទេសសម្រាប់សកម្មភាពមីន មនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ។ 


ឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឲ្យដឹងថា ខេត្តពោធិ៍សាត់ ចាប់ពីឆ្នាំ១៩៩៣ គ្រាប់ មីនប្រឆាំងមនុស្ស ចំនួន ៨៨,៧២៦ គ្រាប់ ,មីនប្រឆាំងរថក្រោះ ចំនួន ៤១៤ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដទៃទៀត ចំនួន ៧៩,៣៨៦ គ្រាប់ ត្រូវបានរកឃើញនិងកម្ទេចចោលក្នុងទំហំផ្ទៃដីប្រមាណជា ៥៤,៩១៤,១២៦ ម៉ែត្រក្រឡា ស្មើនឹង ៨៨៥ចម្ការមីនគ្រាប់ ដោយមានប្រតិបត្តិករ ចំនួន ៥ រួមមាន៖ ស៊ីម៉ាក់ , កងកម្លាំងរក្សាសន្តិភាព , Halo Trust , MAG និង អង្គការ ដោះមីនកម្ពុជា (CSHD)។ 
ក្នុងនោះផ្ទៃដីមានមីន និងគ្រាប់យុទ្ធភ័ណ្ឌដល់ពីសង្គ្រាម នៅក្នុងក្រុងពោធិ៍សាត់ ស្រុកបាកាន ,ស្រុកក្រគរ និងស្រុកកណ្តៀង ត្រូវប្រកាសអស់មីនចំនួន ៨,៦៨៩,១៦៥ ម៉ែត្រក្រឡា បានបោសសម្អាតរួចដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស ចំនួន ៦៣,៩៩៣ គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ៥៥គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣៣,៣៦៦គ្រាប់។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ទោះបីបញ្ចប់វត្តមានគ្រាប់មីននៅក្នុងក្រុង ស្រុកចំនួន ៤ ខាងលើ ត្រូវប្រកាសអស់មីនក៏ដោយ ខេត្តពោធិ៍សាត់ នៅសល់ស្រុក ចំនួន ០៣ទៀត កំពុងរងផលប៉ះពាល់ខ្លាំងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមមាន៖ ស្រុកភ្នំក្រវាញ ,វាលវែង និងតាលោសែនជ័យ ក្នុងទំហំផ្ទៃដីប្រមាណជា ៧០,០៤៩,៥៦៩ ម៉ែត្រក្រឡា ស្មើនឹង ៦៨៣ ចម្ការមីន និងគ្រាប់នៅមានតំបន់សង្ស័យថ្មីៗមួយចំនួនទៀត ដែលប្រតិបត្តិកររបស់យើងបានរកឃើញ និងកំពុងពិនិត្យវាយតម្លៃដោយអាជ្ញាធរមីន៕