2023-09-29 04:09
283

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំលើកទី២៧ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់ លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី២៦ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។

ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល៖ មន្ត្រីចំនួន ១.១២២នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៦៩១នាក់ និងមន្ត្រី ៤៣១នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។

សម្រាប់ការងារពាក្យប្ដឹង៖ អ.ប.ព. បានដំណើរការពិនិត្យ វិភាគនិងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៤២ពាក្យប្ដឹង។ ការងារអប់រំ៖ អ.ប.ព. បានបើកវគ្គពន្យល់អំពីច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ វាក្យសព្ទគតិយុត្តិជាភាសាបរទេស និងទ្រឹស្តីបច្ចេកទេសក្នុងការប្រើប្រាស់កុំព្យូទ័រសម្រាប់កិច្ចការរដ្ឋបាលជូនបេក្ខជនដែលបានដាក់ពាក្យប្រឡងក្របខណ្ឌ មន្ត្រីរាជការស៊ីវិល អ.ប.ព. ឆ្នាំ២០២៣ រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជាច្រើនវគ្គ (៩វគ្គ) រហូតដល់អស់បេក្ខជនដែលបានដាក់ពាក្យចូលរួមវគ្គបណ្តុះបណ្តាលចំនួន ៣.៣២នាក់។

ការងារបង្ការ ទប់ស្កាត់អំពើពុករលួយ៖ អ.ប.ព. បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈចំនួន ៥៣គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ២០អង្គភាព និងបានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀតតាមសំណើ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។ ការងារបណ្តុះបណ្តាល៖ អ.ប.ព. បានបើកវគ្គបណ្តុះបណ្តលស្តីពីតួនាទី ភារកិច្ចអ្នកសង្កេតការណ៍ អ.ប.ព. សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ ដល់មន្ត្រី អ.ប.ព. ចំនួន ៦០០នាក់។

ជាមួយគ្នានេះមន្រ្តី អ.ប.ព. ចំនួន ០២រូប បានទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីភ្នាក់ងារប្រឆាំងអំពើពុករលួយអន្តរជាតិ នៅគណៈកម្មាធិការប្រឆាំងអំពើពុករលួយ និងសិទ្ធពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ និងទទួលការបណ្តុះបណ្តាលតាមអនឡាញចំនួន ០១វគ្គ ស្តីពីអនាគតរបស់យើងចាប់ផ្តើមពីពេលនេះ MACC-Our Future Starts Now 2023 ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាអន្តរជាតិ នៃបណ្ឌិត្យសភាប្រឆាំងអំពើពុករលួយម៉ាឡេស៊ី។

សម្រាប់កិច្ចការអន្តរជាតិ៖ អ.ប.ព. បានទទួលលោកស្រី Qiu Xiaoli សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហឺណាន លេខាធិការ នៃគណៈកម្មាធិការអធិការកិច្ចវិន័យ ន គណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហឺណាន និងជាប្រធានគណៈកម្មាការត្រួតពិនិត្យ កិច្ចការរដ្ឋខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូចំនួន០៦ រូប មកបំពេញទស្សនៈកិច្ចនៅ អ.ប.ព. រយៈពេល ០១ថ្ងៃ គឺនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

គណៈប្រតិភូចិន បានជួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍លើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាមួយលោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រីប្រធាន អ.ប.ព. ប្រកបដោយបរិយាកាសស្និទស្នាល រឹតចំណងសាមគ្គីភាព និងសហប្រតិបត្តិការកាន់តែរឹងមាំបន្ថែមទៀតក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យកាន់តែល្អប្រសើរ៕