2024-01-19 12:01
80

ពិធីបើកប្រាក់របបគោលនយោបាយ នេះត្រូវបានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តរតនគិរីប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម សម សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា នៃក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត។

បើតាមការលើកឡើង របស់លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានលើកឡើងអំពីលទ្ធ ផលការងារសំខាន់ៗ ដែលមន្ទីរសម្រេចបានក្នុងការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន និងដំណើរការនៃការរៀបចំរបបគោលនយោបាយពិការភាពក្រីក្រនៅតាមសហគមន៍មានដូចជា ដំណើរការនៃការចុះ សម្ភាសន៍ជនមានពិការភាព បានចំនួន ៥,៩៣៣នាក់ (ស្រី២,៨១០នាក់) ក្នុងនោះ ពិការកាយសម្បទាចំនួន ២,៤៥៣នាក់ ពិការញាណដឹងចំនួន ២,១៨៣នាក់ ពិការសតិបញ្ញាចំនួន ៣១៩នាក់ ពិការផ្លូវចិត្តចំនួន ១១៥នាក់ និងពិការផ្សេងៗចំនួន ២៥៤នាក់ និងសម្ភាសន៍មិនពេញលេញចំនួន៦០៩នាក់។លោកថា តាមរយៈកម្មវិធីនេះ មន្ទីរបានរៀបចំ នឹងធ្វើការស្នើសុំរបបគោលនយោបាយពិការភាពក្រីក្រនៅតាមសហគមន៍សម្រាប់ឆ្នាំ ២០២៣ ជូនជនមានពិការភាព បានចំនួន៥០០នាក់ ហើយសម្រាប់ឆ្នាំបន្តបន្ទាប់ មន្ទីរ នឹងធ្វើការសហការជាមួយ ឃុំ សង្កាត់ដើម្បីរៀបចំ ធ្វើបច្ចុប្បន្នភាពជនមានពិការក្រីក្រតាមសហគមន៍ក្នុង ឆ្នាំ២០២២កន្លងមកមន្ទីរសង្គមកិច្ច បានសហការជាមួយរដ្ឋបាលខេត្តរៀបចំពិធីបើករបបគោលនយោបាយជូនជនមានពិការភាពក្រីក្របាចំនួន៥០០នាក់ មានក្រុងបានលុង ស្រុកអូរជុំ និង ស្រុក លំផាត់ ។ មានប្រសាសន៍សំណេះសំណាលនាឱកាស នេះឯកឧត្តម ងិន ណែល បានលើកឡើងថា គោលដៅដ៏ចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិត របស់ប្រជាជន ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស ។

 រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ភាពក្រីក្រ គឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ក្នុងសង្គម ។ ក្នុងអាណត្តិទី ៧ របស់រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលបានផ្តោតជាសំខាន់ ទៅលើយុទ្ធសាស្ត្រគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាគោលនយោបាយ អាទិភាព របស់រាជរដ្ឋាភិបាល ដែលធានាអោយបងប្អូន ទទួលបាននូវផលប្រយោជន៍ ពីសំណាញ់សុវត្ថិភាពសង្គម និងរបបសន្តិសុខសង្គម បានកាន់តែល្អប្រសើរឡើង ។

នៅក្នុងឱកាសនេះផងដែរឯកឧត្តម សម សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា នៃក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ចំពោះបងប្អូនជនមានពិការភាព រាជរដ្ឋាភិបាល ក៏បានបង្កើត ច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនមានពិការដែលបង្ហាញ ពីការយកចិត្តទុកដាក់ អំពីសុខទុក្ខ និងធ្វើឲ្យជីវភាព រស់នៅ របស់បងប្អូន និងគ្រួសារមានភាពប្រសើរឡើង ការគោរពភាពថ្លៃថ្នូរ ពីកំណើត និងការរស់នៅដោយឯករាជ្យ ព្រមទាំងសុខុមាលភាពពេញលេញ និង លើកកម្ពស់ភាពស្មើគ្នាចំពោះមុខច្បាប់ និងការទទួលបានសេវាយុត្តិធម៌ ការចាកផុតពីការធ្វើទារុណកម្ម ការរំលោភបំពានការកេងប្រវ័ញអំពើហឹង្សានិងដំណោះស្រាយគ្រាមានអាសន្ន ព្រមទាំង លើកស្ទួយសមភាពស្ត្រីពិការកុមារពិការនិងជនពិការគ្រប់ប្រភេទ។

ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានរូបនេះបន្តថា ចាប់ពីឆ្នាំ២០២០ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព ទិន្នន័យជនមានពិការភាពសរុបមានចំនួន ៣២៩,០៦៩នាក់ ស្រី ចំនួន១៦១,៤៤៥នាក់ ដោយឡែកខេត្តរតនគិរី បានកំណត់អត្តសញ្ញាណកម្មពិការភាពបានចំនួន ៥៩៣៣ នាក់ ស្រីចំនួន២៨១០នាក់។

  ហើយការបើកប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ជូនជនពិការក្រីក្រ ក្នុង ខេត្តរតនគិរីចំនួន៥០០នាក់នាពេលនេះគឺមានពីរ របប របបទី១ចាប់ពីខែ១ដល់ខែ១២ឆ្នាំ២០២៣ ក្នុងម្នាក់ទទួលបាន ២៤០.០០០ម៉ឺនរៀល និងរបបទី២ចាប់ពីខែ៦ដល់ ខែ១២ឆ្នាំ២០២៣ ទទួលបាន១២០.០០០រៀល៕