2023-03-23 10:03
593

កំពង់ស្ពឺ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នឹងរៀបចំឱ្យមានមហោស្រពចម្រៀងប្រពៃណីជនជាតិដើមតិចសួងប្រចាំឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២៣ នេះតទៅ ដោយសម្របសម្រួល និងមានការអនុញ្ញាតពីរដ្ឋបាលខេត្តកំពង់ស្ពឺផងដែរ។

មន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានថ្លែងថា ដោយមានការអនុញ្ញាតពីរដ្ឋបាលខេត្តកំពង់ស្ពឺសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នឹងរៀបចំមហោស្រពចម្រៀងប្រពៃណីជនជាតិដើមភាគតិចសួយ លើកទី១ ឆ្នាំ២០២៣។

ពិធីបើកមហោស្រពចម្រៀងជនជាតិដើមសួយនេះ បានរៀបចំឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅបណ្ណាល័យកំពង់ស្ពឺ ក្រោមអធិបតីភាព លោក សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឡុង បូណារេត អភិបាលរង អភិបាលខេត្ត ព្រមទាំងមានការចូលរួមពី សំណាក់លោក លោកស្រី អភិបាល អភិបាលរងនៃគណៈអភិបាលក្រុង ស្រុក កងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ សិស្សានុសិស្ស យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ សរុបប្រមាណ៣០០នាក់។ លោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា «គោលបំណងនៃការរៀបចំឱ្យមហោស្រពចម្រៀងជនជាតិដើមភាគតិចសួយនេះឡើង ដើម្បីជំរុញឱ្យប្រជាជន មហាជន ជាពិសេសយុវជនដែលជាសសរស្ដម្ភរបស់ប្រទេសជាតិ និងជាអ្នកបន្តវេនដើម្បីស្វែងយល់អំពីតម្លៃនៃវប្បធម៌ជនជាតិដើមភាគតិចសួយ និងការចូលរួមអភិរក្ស និងអភិវឌ្ឍឱ្យកាន់តែប្រសើរថែមទៀត»

លោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ បានបន្ថែមទៀតថា គោលបំណងសំខាន់ នៃកម្មវិធីមហោស្រពនេះ រួមមាន៖

១- បង្កើនការស្រឡាញ់ បំផុសស្មារតីចូលរួមក្នុងការផ្ទេរ និងការទទួលយកនូវចំណេះ ជំនាញបច្ចេកទេសសិល្បៈវប្បធម៌ សំដៅលើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជាឱ្យបានស្ថិតស្ថេរ គង់វង្ស ដែលជាមូលដ្ឋាននៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។ 

២- លើកកម្ពស់ការយល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃនៃវប្បធម៌ជនជាតិដើមភាគតិចសួយ និងការចូលរួមអភិរក្ស និងអភិវឌ្ឍឱ្យកាន់តែសកម្មថែមទៀត។ 

៣- បង្កើនការចូលរួមក្នុងការបណ្តុះការអប់រំ ការសិក្សាស្រាវជ្រាវ ឈ្វេងយល់អំពីចំណេះដឹងសិល្បៈវប្បធម៌របស់ជនជាតិដើមភាគតិចសួយ ដើម្បីឱ្យយុវជនរបស់ខ្លួនបានយល់ពីឧត្តមប្រយោជន៍ដ៏មានសារៈសំខាន់ក្នុងការផ្ទេរ និងទទួលយកនូវចំណេះជំនាញ និងចងក្រងរក្សាទុកឱ្យបានគង់វង្សល្អ នូវរាល់ឯកសារដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ។ 

៤- បំផុសស្មារតីយុវជន ដែលជាអ្នកបន្តវេន ក្នុងការចូលរួមបង្កើតស្នាដៃថ្មីៗ ដែលមានគុណភាព រក្សាឱ្យបាននូវមូលដ្ឋានក្បួនខ្នាត និងលើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌របស់ខ្លួន      ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងន័យដើម្បីបង្កើនការងារ និងកាលានុវត្តភាព សំដៅកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការហូរចូលឥតឈប់ឈរ នៃវប្បធម៌អវិជ្ជមានពីចរន្តសកលភាវូបនីយកម្ម។

 ៥- ជំរុញឱ្យមានការចូលរួមរបស់យុវជនដែលជាជនជាតិដើមភាគតិចសួយ ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព និងសន្តិភាព ដោយមិនប្រកាន់នូវនិន្នាការនយោបាយ។

 លោកស្រីអភិបាលរង បានបន្តទៀតថា «គោលបំណងជាសារវន្តនេះទៀតសោត គឺដើម្បីបំផុសចលនាមហាជនឱ្យចូលរួមគាំទ្រ និងលើកទឹកចិត្តក្នុងការរួមចំណែកថែរក្សាការពារ លើកកម្ពស់តម្លៃសិល្បៈវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចសួយ ឱ្យកាន់តែមានភាពប្រសើរឡើង។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈធ្វើយ៉ាងខិតខំបន្តរៀបចំមហោស្រពនេះឱ្យបានជាប្រចាំព្រមទាំងស្នើទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យមានការរៀបចំមហោស្រពសិល្បៈជនជាតិដើមភាគតិចទូទាំងប្រទេស។  តាមការបញ្ជាក់របស់ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ មហោស្រពចម្រៀងជនជាតិដើមភាគតិចសួយនេះ មានការចូលរួមពីក្រុមសិល្បៈជនជាតិដើមភាគតិចសួយ ចំនួន៦ក្រុម សរុប ៧២រូប ដែលមកពី ឃុំត្រពាំងជោ និងឃុំសង្កែស្រទប ស្រុកឱរ៉ាល់ ដោយក្រុមនីមួយៗទទួលបាននូវប័ណ្ណសរសើរ បាច់ផ្កា និងអមដោយថវិកាមួយចំនួនទៀតផងដែរ៕