2024-03-27 04:03
34

ភ្នំពេញ៖ លោឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ ដោយជំរុញឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ពង្រឹងវិន័យដើម្បីដកបណ្ដាសាដែលគេតែងមុសាលើអង្គចៅក្រមថា «ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់» ដោយពីអំណឹះនេះតទៅ «ត្រីណាស្អុយត្រូវដកត្រីនោះចេញ»។ 

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ យ៉ាងដូច្នេះ គឺជាការឯកភាពជាមួយការលើកឡើងរបស់ ប្រធានតុលាការកំពូល លោក ជីវ កេង ដែលចូលរួមក្នុងឱកាសក្រសួងយុត្តិធម៌ បានបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣។ 

នៅក្នុងជំហរម៉ឺងម៉ាត់លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «មិនអនុញ្ញាតឲ្យត្រីមួយដែលស្អុយមកសម្អុយត្រីមួយកន្ត្រកទេ ដើម្បីសម្រេចទិសដៅផ្ដល់សេវាយុត្តិធម៌ឲ្យបានល្អប្រសើរ គុណភាពនិងកាន់តែសុក្រឹត្យ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើប្រព័ន្ធយុត្តិធម៌»។ 

សូមជម្រាបថា ចាប់ពីថ្ងៃទី២៧-២៩ ខែមីនានេះ ក្រសួងយុត្តិធម៌រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត។ នៅក្នុងមហាសន្និបាតនេះ  បានភ្ជាប់នូវរបៀបវារៈស្ដីពី ការពិនិត្យ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ផងដែរ៕