2023-05-18 02:05
436

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបង្ហាញអំពីលទ្ធផល នៃការអនុវត្តផែនការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ក្នុងរយៈពេល៣ខែនេះ មានអ្នកដាក់សំណើ និងសំណូមពរ មកហ្វេសប៊ុកផេករបស់សម្តេច និងប្រភពផ្សេងៗចំណុះក្រសួងមហាផ្ទៃ សរុបចំនួន១៣១សំណើ ត្រូវជាមនុស្ស ចំនួន១៩៥នាក់ស្រី៣១នាក់ ក្នុងនោះមានស្ទួន ចំនួន០៣សំណើ សរុបសំណើរជាក់ស្ដែងមាន ចំនួន១២៨សំណើ។ 

ការបង្ហាញលទ្ធផល នៃការអនុវត្តផែនការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោមផ្ទាល់តែម្តង។ 

របាយការណ៍ពីគណៈបញ្ជាការដឹកនាំប្រតិបត្តិការ នៃក្រុមការងារអនុវត្តច្បាប់ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងទៀតថា ក្នុងចំណោម ចំនួន១២៨សំណើនោះ មានជនបរទេស ចំនួន៣៧៥នាក់ (ស្រី៣១នាក់) ស្មើ១០សញ្ជាតិ ក្នុងនោះសញ្ជាតិបរទេសរួមមាន ចិន ,ថៃ ,បង់ក្លាដេស ប៉ាគីស្ថាន ,ម៉ាឡេស៊ី ,វៀតណាម ,ហ្វីលីពីន ,ឥណ្ឌា និងឥណ្ឌូនេស៊ី។ 

ជាលទ្ធផល ក្នុងចំណម១២៨សំណើនោះ សមត្ថកិច្ចយើងបានស្រាវជ្រាវរកឃើញចំនួន៧៥សំណើ ស្មើនឹងមនុស្សចំនួន១៨៤នាក់ (ស្រី២០នាក់) ០៧សញ្ជាតិ ដោយសមត្ថកិច្ចសង្គ្រោះបានជនរងគ្រោះចំនួន១០នាក់ ឃាត់ខ្លួន១៣នាក់។ ក្រៅពីនេះ មានសំណើ ចំនួន៦៧ទៀត ត្រូវបានរកឃើញថាគ្រាន់តែជាការស្នើសុំកិច្ចអន្តរាគមន៍ដើម្បីបានលាឈប់ពីការងារ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ។ ចំពោះសំណើចំនួន៣៣ ស្មើនឹងមនុស្សចំនួន៦៥នាក់ សមត្ថកិច្ចពុំរកឃើញក្នុងទីតាំងតាមសំណើសាមីជនទេ ខណៈសំណើដែលនៅសេសសល់ ចំនួន២១ទៀត ស្មើនឹងមនុស្សចំនួន១២៦នាក់ (ស្រី០២នាក់) សមត្ថកិច្ចយើងកំពុងស្រាវជ្រាវ។ 

សម្តេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជម្រាបជូនជនរួមជាតិដែរថា ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០២៣ កន្លងទៅនេះ សមត្ថកិច្ចពាក់ព័ន្ធបានសហការគ្នាធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទដែលបានធ្វើឱ្យសភាពការណ៍មានការថយចុះគួរឱ្យកត់សម្គាល់។ 

ជាក់ស្ដែង បើធៀបនឹងរយៈពេលដូចគ្នាចាប់ពីពេលចាប់ផ្ដើមទទួលសំណើ យើងពិនិត្យឃើញថា សំណើសុំកិច្ចអន្តរាគមន៍ បានថយចុះ ៧៨ភាគរយ ពោលគឺពី៦០៥ មកនៅត្រឹម១២៨សំណើ។ យ៉ាងណាក៏ដោយ ៣ខែនេះក៏សង្កេតឃើញថា ខេត្តឧត្តរមានជ័យ ខេត្តកោះកុង កណ្ដាល និងព្រះសីហនុ មានសំណើច្រើនករណី។ 

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា នៅតែបន្តជំរុញសកម្មភាពក្នុងការត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្ម ក្នុងករណីមានសំណើ ឬមានព័ត៌មានជាក់លាក់ពាក់ព័ន្ធទៅនឹងបទល្មើស ការបង្ខាំងមនុស្ស ការរឹតត្បិតសេរីភាព ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការលួចលាក់បើកអាជីវកម្មល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងស្រាវជ្រាវរកជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់។ 

ជាថ្មីម្ដងទៀត សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា យើងនឹងបន្តពិនិត្យលើសំណើសុំអន្តរាគមន៍ដែលត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃ និងបន្តការងារស្រាវជ្រាវ ស្វែងរកតាមសំណើ ឬសំណូមពរ សំដៅធានាសុវត្ថិភាពឲ្យបានដាច់ខាតដល់ ជនបរទេសដែលស្នើសុំអន្តរាគមន៍ ព្រមទាំងស្រាវជ្រាវ ស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះជនបរទេសដែលប្ដឹងបំប៉ោងព័ត៌មាន ឬបំពុលបរិយាកាសសង្គម ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។ 

ដោយឈរលើការងារដ៏មានសារៈសំខាន់នេះដែរ យើងក៏នឹងបន្តពិនិត្យ វាយតម្លៃលើសំណុំរឿងដែលពាក់ព័ន្ធបទល្មើស ដើម្បីពន្លាតនីតិវីធីប្រឆាំងការសម្អាតប្រាក់ ពង្រឹងការងារគ្រប់គ្រង ត្រួតពិនិត្យតំបន់ព្រំដែន និងច្រកទ្វារព្រំដែន នៅតាមច្រក សមុទ្រ សំដៅទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនដោយខុសច្បាប់របស់ជនបរទេស និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានជនជាតិរបស់ខ្លួន ប្រកាសថា ជាជនរងគ្រោះហើយស្នើសុំអន្តរាគមន៍ ដើម្បីធ្វើការស្រាវជ្រាវ អង្កេត និងបង្ក្រាបឲ្យបាននូវមេខ្លោង ខ្សែរយៈបណ្តាញមានអង្គការចាត់តាំង ដែលធ្វើការអូសទាញ ឬក៏បញ្ឆោតជនបរទេស ឲ្យឆ្លងដែនដោយស្របច្បាប់ នឹងមិនស្របច្បាប់ចូលមកកម្ពុជា ធ្វើការងារដោយខុសច្បាប់។ 

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណអាជ្ញាធរ និងមន្ត្រីអនុវត្តច្បាប់កម្ពុជាដែលខិតខំបំពេញភារកិច្ចបានយ៉ាងល្អ និងសូមអរគុណសាម៉ីជន ក្រុមគ្រួសារ អង្គការ សមាគម ព្រមទាំងស្ថានតំណាងបរទេសនានានៅកម្ពុជាដែលបានរាយការណ៍និងសហការផ្ដល់ព័ត៌មានមកហ្វេសប៊ុកផេករបស់ខ្ញុំ និងប្រភពផ្សេងៗ។ 

សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា សូមបន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីយើងរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព៕