2023-05-12 11:05
409

បាត់ដំបង៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានថ្លែងថា «ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានកែប្រែស្រុកកំរៀងពីតំបន់ជម្លោះប្រដាប់អាវុធ អស្ថិរភាព មកជាតំបន់មានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍរីកចម្រើន ជាមួយនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង។ ដូច្នេះប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាឱ្យបាននូវបរិស្ថាន សុខសន្តិភាព និងស្ថិរភាព»។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសិរីមង្គល ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងឥតកែប្រែ គឺការធានានូវជីវភាពសុខសាន្ត និងសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋជាជំហានៗនៅទូទាំងប្រទេស ក៏ដូចមូលដ្ឋានស្រុកកំរៀងនេះផងដែរ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល និង សម្តេចតេជោ ក្នុងការថែរក្សាឱ្យបាននូវបរិស្ថានសុខសន្តិភាព ស្ថិរភាព ព្រមទាំងឱកាសក្នុងការបន្តកសាងអភិវឌ្ឍប្រទេសឱ្យបានឋិតថេរយូរអង្វែង»។ ឯកឧត្ដមបណ្ឌិត បានរំលឹកថា កាលពី ៤៥ឆ្នាំមុន សម្តេចតេជោ និងយុទ្ធមិត្តបានចូលរួមបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេស និងប្រជាជនឱ្យចេញផុតពីរបបប៉ុល ពត ដែលបានគ្រប់គ្រងអំណាចហើយបានកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃសាហាវឃោរឃៅ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា កម្លាំងសាមគ្គីភាពនេះ ក៏បានឋិតនៅយ៉ាងរឹងមាំ និងបានបន្តស្មារតី វីរភាព និងសកម្មភាពរួបរួមគ្នាបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ដោយបានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនអនេកជូនសង្គមជាតិ រាប់ទាំងការការពារនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការផ្តល់នូវឱកាស ក្តីសង្ឃឹម និងលំនឹងស្ថិរភាពសម្រាប់អនាគតទៅមុខ។

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមក្នុង ពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធិផលនានា នៅវត្តសិរីមង្គល (ហៅវត្តសាមសិប) ដែលប្រារព្ធធ្វើនៅ ភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង៕