2023-08-06 10:08
217


ទីក្រុងហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ មានការខកចិត្តយ៉ាង ខ្លាំងចំពោះការបញ្ចេញទស្សនៈផ្ទាល់ខ្លួននាពេលថ្មីៗនេះ របស់អ្នករាយការណ៍ពិសេសមួយចំនួនតូចពាក់ព័ន្ធនឹងការបោះឆ្នោតជាតិនៅកម្ពុជា។
    នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ការលើកឡើងរបស់ពួកគេមានភាពមិនត្រឹមត្រូវជាពិសេសពាក់ព័ន្ឋនឹងសភាពពិតនៅមូលដ្ឋាន ដែលប្រការនេះនាំឱ្យអ្នករាយការណ៍ពិសេសធ្វើការវាយ តម្លៃដោយជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមផ្ដល់នូវការសង្កេតជាតថភាពមួយចំនួនដូចតទៅ៖ 
១- បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញខាងលើ បែរជាធ្វើមិនដឹងមិនឮអំពីអត្រាអ្នកចូលរួមបោះឆ្នោតដ៏ខ្ពស់ចំនួន ៨៤,៥៩% ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ នៅក្នុងដំណើរការបោះឆ្នោត ព្រមទាំងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី តែរីកចំរើននៅព្រះរាជាណាចក្រកម្ពុជា។ អត្រាខ្ពស់នៃអ្នកទៅបោះឆ្នោតជាសក្ខីភាព បង្ហាញឱ្យឃើញពីការប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងការអំពាវនាវឱ្យមានការធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការលាបពណ៌នានាដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងឱ្យមានការផ្លាស់ប្ដូររបប តាមរយៈវិធីសាស្ត្រមិនប្រជាធិបតេយ្យ។ អ្នករាយការណ៍ពិសេសទាំង នេះបែរជាជ្រើសរើសការមិនទទួលស្គាល់ការពិតដែលមិនអាចប្រកែកបាននេះ ដោយរក្សាភាព ស្ងប់ស្ងៀមទាំងស្រុងរបស់ខ្លួន ដែលជាការបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈលាក់កំបាំងដោយលម្អៀងរបស់ពួកគេ។ 
២- ដំណើរការបោះឆ្នោតដែលមានគណបក្ស ចំនួន ១៨ ចូលរួមប្រកួតប្រជែងជាសក្ខីភាពយ៉ាងជាក់ច្បាស់អំពីនយោបាយពហុបក្សពិតប្រាកដ និងឱកាសស្មើៗគ្នាក្នុងដែនកំណត់នៃច្បាប់។ ដូចគ្នានឹងប្រទេសគោរពនីតិរដ្ឋផ្សេងទៀតដែរ។ ការគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បោះឆ្នោត គឺជាប្រការចាំបាច់ហើយការមិនគោរពតាមនឹងនាំមកនូវផលវិបាកនានា។
៣- ការចោទប្រកាន់ថា ការបោះឆ្នោតជាតិ មិនមានតុល្យភាព និងបង្ករការព្រួយបារម្ភពីអន្តរជាតិ គឺជាការលើកឡើងប្រាសចាកពីការពិត។ អ្នកសង្កេតការណ៍អន្តរជាតិ ៤២២ នាក់ ដែលតំណាងឱ្យ ៦៥សញ្ញាតិ មកពី ៦១ស្ថាប័ន បូករួមទាំងភ្នាក់ងារគណបក្សនយោបាយ ចំនួន ៦០.០០០នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យ ចំនួន ៩០.០០០នាក់ បានត្រួតពិនិត្យតាមដានយ៉ាងដិតដល់នូវដំណើរការបោះឆ្នោតនេះ ដោយបានបញ្ជាក់ពីភាពត្រឹមត្រូវ និងតម្លាភាព។ ប្រការនេះបង្ករការងឿងឆ្ងល់ទៅលើលទ្ធភាពមើលឃើញច្បាស់ ឬមើលមិនឃើញទាល់តែសោះរបស់ អ្នករាយការណ៍ពិសេសទាំងនោះ។ 
៤- សេចក្តីថ្លែងការណ៍នានារបស់ក្រុមអ្នកសង្កេតការណ៍បានបញ្ជាក់ថា ការបោះឆ្នោតបានប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព ដោយសន្តិវិធី ក្នុងបរិយាកាសប្រកបដោយ បរិយាប័ន្ន និងអនុលោមយ៉ាងតឹងរ៉ឹងតាមច្បាប់។ ឯករាជ្យភាព និងភាពមានវិជ្ជាជីវៈរបស់មន្ត្រី និង ស្ថាប័នដែលរៀបចំការបោះឆ្នោតត្រូវបានទទួលស្គាល់យ៉ាងត្រឹមត្រូវ។ 
៥- ការអះអាងថា នាយករដ្ឋមន្ត្រីកម្ពុជា ដែលរំពឹងថានឹងផ្ទេរអំណាចទៅឱ្យកូនប្រុសច្បង គឺជាការលើកឡើងដែលគ្មានមូលដ្ឋានទាល់តែសោះ ដែលប្រការនេះ បង្ហាញពីការយល់ដឹងនៅមានកម្រិតរបស់ក្រុមអ្នករាយការណ៍ពិសេស ឬការបដិសេធដោយចេតនាក្នុងការយល់អំពីនីតិវិធីច្បាប់របស់កម្ពុជា។ ការតែងតាំងនាយករដ្ឋមន្ត្រី ត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមដំណើរប្រជាធិបតេយ្យប្រកបដោយភាពហ្មត់ចត់ទាំងក្នុងកម្រិតគណបក្សការបោះឆ្នោត និងសភា។ 
    សរុបសេចក្តីមកស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវបដិសេធទាំងស្រុងនូវសេចក្តីអត្ថាធិប្បាយរបស់ អ្នករាយការណ៍ពិសេស និងសូមក្រើនរំលឹកអ្នករាយការណ៍ពិសេស ត្រូវគោរពតាមឱ្យបានខ្ជាប់ខ្ជួននូវ ក្រមប្រតិបត្តិ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ពុំដូច្នេះទេការ បំពានជាម្ដងហើយម្ដងទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការនាពេល អនាគតរបស់កម្ពុជាជាមួយយន្តការអ្នករាយការណ៍ពិសេសនេះ៕