2023-06-13 08:06
320

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងបន្តអញ្ជើញចុះជួបបងប្អូនកម្មករ-កម្មការិនី ជិត ២ម៉ឺននាក់ជាបន្តទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានី នៅព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ មកពីរោងចក្រ សហគ្រាសចំនួន ០៩។ 

យោងតាមរបាយការណ៍របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា កន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ចំនួន ១៥ដង រួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ០៧ដង ដែលមានកម្មករនិយោជិតចូលរួម ចំនួន ១០ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៨៨ និងកាលពីឆ្នាំ២០១៨ ចំនួន ០៧ដង ដែលមានកម្មករនិយោជិត ចូលរួមចំនួន ១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១០០។ 

សូមជម្រាបថា កាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជួបសំណេះសំណេះជាមួយកម្មករនិយោជិតចូលរួមចំ នួន ១៨០ ៣១នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១។ 

ថ្ងៃនេះជាលើកទី១៦ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន ១៨ ៣០៥នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ០៩ នៅខណ្ឌពោធិ៍សែនជ័យ។ ចំពោះរោងចក្រ សហគ្រាស ចំនួន ០៩ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ០៦, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ០១ ,ដេរស្បែកជើង ចំនួន ០២។ 

ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា៖ សហគមន៍អឺរ៉ុប ,សហរដ្ឋអាម៉េរិក ,ប្រទេសកាណាដា ,ប្រទេសជប៉ុន។ល។ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ៩ ៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាស វិស័យកាត់ដេរ ចំនួន ៧២៧ មានកម្មករ និយោជិត សរុបជាង ៣៣ម៉ឺន ៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ 

សូមបញ្ជាក់ថា នៅថ្ងៃស្អែក គេហទំព័រ Facebook , បណ្តាញ Telegram និង YouTube សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live) ពិធីនេះ នៅម៉ោង ៧ព្រឹក៕