2023-08-15 10:08
119

 

ខេត្តក្រចេះ ៖ ក្រុមការងារស្រាវជ្រាវព័ត៌មានគ្រាប់បែកចង្កោម ប្រចាំកងឯកភាពកំចាត់មីនទី៥ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានធ្វើការាវរកឃើញគ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះ ជាង២,០០០គ្រាប់ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ ដែលមានទីតាំងស្ថិតនៅត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពី  ​​   ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ 
   នៅក្នុងការរុករកនេះ គឺមិនទាន់អស់គ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះនៅឡើយទេ ដោយក្រុមការងារ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កំពុងស្រាវជ្រាវ និងសិក្សាដើម្បីស្នើសុំកម្លាំងបន្ថែម រាវរកគ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ ក្នុងជុំវិញបរិវេណវិទ្យាល័យ។ 
ក្រុមការងារស្រាវជ្រាវព័ត៌មានគ្រាប់បែកចង្កោម ប្រចាំកងឯកភាពកំចាត់មីនទី៥ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានប្រឺងប្រែងតាមសមត្ថភាព ជំនាញ ដើម្បីសុវត្ថិភាព ដល់ជនរួមជាតិ។ 
   នៅក្នុងប្រតិបត្តិការ នៃការាវរកគ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះ របស់អង្គភាពស៊ីមាក់ ធ្វើឡើងចាប់តាំងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ហើយក៏បានផ្អាកសិក្សារបស់សិស្ស រយៈពេល២ថ្ងៃ គឺថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ រហូតមកដល់ថ្ងៃទី១៤ ដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស ប្រធានមន្ទីរអប់រំ បានអនុញ្ញាតឲ្យសិស្សចូលសិក្សាវិញ ។
   សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំនេះ ដោយនាយកសាលា បានណែនាំដល់សិស្ស មិនត្រូវដើរលេងក្នុងតំបន់ហាមឃាត់ ដែលមានការព័ទ្ធខ្សែគ្រោះថ្នាក់ជុំវិញ តំបន់មានគ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះ ដែលនៅសល់ ដើម្បីធានាបាននូវសុវត្ថិភាពដល់សិស្ស ដែលបានសិក្សា នៅក្នុងសាលាវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ។
   លោកវរសេនីយ៍ត្រី ប៊ុន រដ្ឋា ប្រធានក្រុមការងារស្រាវជ្រាវព័ត៌មានគ្រាប់បែកចង្កោម ប្រចាំកងឯកភាពកំចាត់មានទី៥ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបញ្ជាក់ថា អាគារមួយនេះ ត្រូវបានជួសជុលនៅលើគ្រឹះចាស់ សល់ពីសម័យ ប៉ុល ពត ហើយត្រូវបានធ្វើការជួសជុល និងរៀបចំឃឿនជុំវិញសាលា ហើយខណៈដែលក្រុមជាងចាប់ផ្តើមកាយក៏ឃើញ  គ្រាប់ DK៧៥ ចំនួនពីរគ្រាប់ ក៏បានរាយការណ៍មកក្រុមការងារ ដើម្បីចុះទៅធ្វើការស្រាវជ្រាវរុករក កាលពីចុងសប្តាហ៍កន្លងទៅនេះ។
   ជាមួយនឹងសកម្មភាពនៃការស្រាវជ្រាវរុករក គ្រាប់យុទ្ឋភណ្ឌ ចាប់តាំងពីថ្ងៃទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់ល្ងាចថ្ងៃទី១៣ ខែសីហា គឺក្រុមការងារស្រាវជ្រាវរកឃើញ គ្រាប់ប្រមាណជា២.១១៦គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់រួមមាន៖  ១. D.K.៧៥ចំនួន៦៣គ្រាប់  ២. M.៤៨ ចំនួន១៨គ្រាប់ដែលជាប្រភេទក្បាលគ្រាប់ផ្លោង  ៣. M.៧៩ ចំនួន២០៣៣ គ្រាប់  ៤. B.៤០ចំនួន១គ្រាប់ (ក្បាលគ្រាប់)  ៥. H.១០៧ ចំនួន១គ្រាប់ ។
   លោកប្រធានបញ្ជាក់ទៀតថា ការរុករកឃើញគ្រាប់យុទ្ធភណ្ឌជាច្រើននេះ ដោយសាររណ្តៅគ្រាប់នេះ អាចកប់នៅតាំងពីមុនឆ្នាំ១៩៧៩ ដល់១៩៨០ មកម៉្លេះ ហើយវាជារណ្ដៅត្រង់សេ ដែលមានទំហំប្រមាណ២ម៉ែត្រ ដោយឡែកផ្នែកខាងក្រោយសាលាមួយនេះ ក៏មានគ្រាប់ b៤០ ចំនួន៣កន្លែងទៀត ដែលជាលានដ្ឋានចល័ត របស់កងទ័ពផងដែរ។
   សូមសិស្សសលាចូលរួមអនុវត្តតាមការណែនាំ របស់ក្រុមការងារស្រាវជ្រាវព័ត៌មានគ្រាប់បែកចង្កោម ប្រចាំកងឯកភាពកំចាត់មីនទី៥ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីសុវត្ថិភាព ជាចម្បង ខណៈការរុករកមិនអស់នៅឡើយ ៕