2023-06-21 06:06
159

 

នៅមជ្ឈមមណ្ឌលម៉ានី អគារ The Kampus ៖ នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣  ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយប្រតិភូកាយរឹទ្ធិជាតិកម្ពុជាចំនួន ៤៧ នាក់ ដែលនឹងចូលរួមការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី ២៥  (25th World Scout Jamboree) ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋកូរ៉េ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជន និង កីឡា និងជាប្រធានស្នងការកាយរឹទិ្ធជាតិកម្ពុជា រួមជាមួយសហការី និងអាណាព្យាបាលប្អូនៗយុវជនផងដែរ។ 


មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ សប្បាយណា បានផ្តល់ពុទ្ធិណែនាំ និងចែករំលែកនូវអនុសាសន៍ល្អដល់ប្អូនៗកាយរឹទិ្ធទាំងអស់ ឱ្យប្រកាន់ភ្ជាប់នូវសីលធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរក្នុងពេលតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងពាំនាំនូវវប្បធម៌ដ៏ផូរផង់របស់កម្ពុជាឱ្យពិភពលោកបានស្គាល់។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្អូនៗ  ចេះក្តោបក្តាប់ឱកាសសិក្សារៀនសូត្រ សិក្សាជំនាញថ្មីៗ រួមទាំងចូលរួមចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដោយប្រកាន់ភ្ជាប់នូវសាមគ្គីភាព ការចេះមើលថែ និងយកអាសារគ្នាផងដែរ។ 
គួរបញ្ជាក់ផងដែរថា ស.ស.យ.ក. តែងតែគាំទ្រនូវរាល់កម្មវិធីដែលផ្តល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន ដែលជាក់ស្តែង កម្មវិធីបោះជំរំកាយរឹទ្ធិពិភពលោកនេះ នឹងផ្តល់ឱកាសឱ្យប្អូនៗយុវជនកម្ពុជា ផ្លាស់ប្ដូរបទពិសោធន៍ ការសិក្សា ផ្លាស់ប្តូរវប្បធម៌ ពង្រឹងចំណងមិត្តភាពរវាងយុវជនមកពីបណ្តាប្រទេសជាសមាជិករបស់អង្គការពិភពលោក នៃចលនាកាយរឹទ្ធិទូទាំងពិភពលោក និងចូលរួមលើកកម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជា និងកាយរឹទ្ធិជាតិកម្ពុជាលើឆាកអន្តរជាតិ។