2023-10-07 02:10
300

ស្ទឹងត្រែង៖ មន្ត្រីស្ថានទួតខ្មែរប្រចាំក្រុងវៀងច័ន្ទ បញ្ជូនពលរដ្ឋរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ០៦នាក់មកកម្ពុជាវិញហើយ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នេះ តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល (ណងណុកខៀន) ខេត្តស្ទឹងត្រែង។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នាយកដ្ឋានការពារជនរងគ្រោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការការីតាស់កម្ពុជា អនុគណ:កម្មាធិការប្រឆាំងការជួញដូរមនុស្សខេត្ត ដឹកនាំដោយលោកស្រី កែវ សាវឿន អភិបាលខេត្តស្ទឹងត្រែង បានទទួលពលរដ្ឋរងគ្រោះដោយអំពើជួញដូរមនុស្ស ចំនួន ០៦នាក់ និងរៀបចំបញ្ជូនទៅលំនៅដ្ឋានរបស់ពួកគាត់វិញ។

នារីរងគ្រោះដោយអំពើជួញដូរទាំង ០៦នាក់ ដែលបានរំដោះចេញពីតំបន់ត្រីកោណមាស រួមមាន៖ ទី១- ឈ្មោះ ឡំ សូណាង អាយុ ១៦ឆ្នាំ នៅស្រុកឈូក ខេត្តកំពត ទី២- ឈ្មោះ ឡាង គន្ធា អាយុ ១៦ឆ្នាំ នៅស្រុកទឹកឈូ ខេត្តកំពត ទី៣- ឈ្មោះ សេត ស៊ីដា អាយុ ១៩ឆ្នាំ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៤- ឈ្មោះ ជា នីតា អាយុ ១៦ឆ្នាំ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៥- ឈ្មោះ ស៊ុ ស្រីស្រស់ អាយុ ១៦ឆ្នាំ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី៦- ឈ្មោះ ភក្ដី រស្មី អាយុ ២២ឆ្នាំ នៅខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមការងារបានទទួលជនរងគ្រោះពីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តចំប៉ាសាក់ ប្រទេសឡាវ តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល (ណងណុកខៀន)។

សូមជម្រាបផងដែរថា កាលពីកន្លងទៅថ្មីៗនេះ នារីរងគ្រោះ ចំនួន ០៦នាក់ ដែលចាញ់បោកមេខ្សល់នាំយកទៅធ្វើការងារជានារីខារ៉ាអូខេ នៅតំបន់ត្រីកោណមាស ទឹកដីប្រទេវឡាវ និងបម្រុងលក់បន្តទៅប្រទេសទី៣ បានរត់គេចខ្លួន និងបង្ហោះវីដេអូលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្វះស្វែងរកការជួយអន្តរាគមន៍ជួយសង្គ្រោះពីសំណាក់អាជ្ញាធរខ្មែរ។ ក្រោយទទួលព័ត៌មាននេះភ្លាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវស្រាវជ្រាវករណីនេះបន្ទាន់ដោយសហការជាមួយភាគីប្រទេសឡាវ បានរកឃើញរំដោះនារីរងគ្រោះទាំង ០៦នាក់ រួចបំពេញបែបបទតាមនិតិវិធី ដើម្បីសម្របសម្រួលយលមកប្រទេសកម្ពុជាវិញ។

ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែនដោយខុសច្បាប់ខាងលើនេះ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក៏បានស្រាវជ្រាវភ្លាមៗ ឈានដល់ឃាត់ខ្លួនមេខ្សល់ឆោកបោកជនរងគ្រោះយកទៅប្រទេសឡាវ និងបម្រុងលក់បន្តប្រទេសទី៣ ត្រូវបានចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់៕