2024-01-17 02:01
104

ខេត្តស្វាយរៀង៖  កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បុរសចំណាស់ម្នាក់ ជួសជុលអណ្តូងស្នប់ភ្ជាប់ម៉ូទ័របូមទឹក មិនប្រយ័ត្ន ឆក់ស្លាប់ ភូមិ ព្រៃភ្នៀត ឃុំសំឡី ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង ។

យោងតាមប្រភពពីសមត្ថកិច្ចឃុំសំឡីបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នាង ភាព អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ព្រៃភ្នៀត ឃុំ សំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ប្រភពបន្តថា បន្ទាប់ពី បានព័ត៌មានពីលោកមេភូមិព្រៃភ្នៀត តាមរយៈទូរស័ព្ទថាមានករណីមនុស្សស្លាប់ដោយឆក់ខ្សែភ្លើង ទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំឡីនិងលោកមេភូមិព្រៃភ្នៀត បានចុះដល់កន្លែងកើតហេតុ  ដើម្បីពិនិត្យ។

តាមការបំភ្លឺរបស់ឈ្មោះ ព្រាប សំអួន  អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្វរបស់សពរងគ្រោះបានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចជំនាញថានៅវេលាម៉ោងប្រហែល៩ព្រឹក ប្តីរបស់ខ្លួនបានអង្គុយធ្វើអណ្តូងស្នប់ដែលមិនមានទឹកចេញនៅខាងមុខផ្ទះរបស់ខ្លួនដោយតភ្ជាប់ខ្សែភ្លើង (ធ្វើអណ្តូងស្នប់ទៅម៉ូទ័រទឹក) ហើយជនរងគ្រោះជាប្តីបានប្រើគាត់ឲ្យទៅទិញជ័របិទទីយោជ័រធ្វើអណ្តូង ពេលគាត់ត្រឡប់មកវិញ ស្រាប់តែឃើញប្តីរបស់ខ្លួនដេកជិតអណ្តូង ឆក់ស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំឡីបានប្រគល់ជូនក្រុមគ្រូសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕