2024-03-10 06:03
72

(កណ្ដាល)៖ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំមួយដែលផ្តោតសំខាន់ទៅលើបញ្ហាគ្រឿងញៀន, គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច, បញ្ហាសណ្តាប់ធ្នាប់, ការការពារក្បួនថ្នាក់ដឹកនាំជាដើម។
  កិច្ចប្រជុំនេះបានធ្វើឡើង នៅរសផលថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៤នេះ ដោយមានសមាសភាពចូលរួមមាន៖ លោកអធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន,លោកអធិការរងទទួលផ្នែកយុត្តិធម៌, លោកអធិការរងទទួលផ្នែកសណ្តាប់ធ្នាប់, លោកអធិការរងទទួលផ្នែកសេនាធិការ និងលោកនាយប៉ុស្តិ៍ទាំង១០។
   លោកវរសេនីយ៍ឯក យី វណ្ណដា បានឱ្យដឹងថា អនុវត្តន៍តាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកបានបើកកិច្ចប្រជុំនេះឡើងជារៀងរាល់ខែ សំដៅអនុវត្តន៍នូវផែនការដែលបានដាក់រួចស្រេចឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
   ក្នុងឱកាសនោះ លោកអធិការក្រុងបានកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចបានយ៉ាងល្អ និង លើកទឹកចិត្តអោយប្រឹងប្រែងបន្ថែមទៀតដើម្បីសេចក្តីសុខ សុវត្ថិភាពជូនប្រជាពលក្នុងក្រុងតាខ្មៅ។
    គួររម្លឹកថា ប្រជាពលរដ្ឋក្រុងតាខ្មៅ តែងកោតសរសើរចំពោះស្នាដៃរបស់នគរបាលក្រុងតាខ្មៅទាំងអស់ ដែលតែងតែចុះជួយដល់មូលដ្ឋានផ្ទាល់ៗរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ពិសេស គឺការបង្រ្កាបក្មេងទំនើង ចោរកម្ម ការផ្ដល់សេវា ឃើញថាមានកម្រិតល្អ ហើយធ្វើការកោតសរសើរមិនដាច់ពីមាត់ឡើយ៕