2023-07-05 06:07
265


ខេត្តត្បូងឃ្មុំ ៖     នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមុិញ លោក  ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ និងលោក អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមពិធីសម្ពោធឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន និងបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រវែង ៩.៧៧៤ម៉ែត្រ នៅក្នុងសហគមន៍កសិកម្មតំបែររុងរឿង ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


ក្នុងពិធីសម្ពោធនេះ លោករដ្ឋមន្ត្រី បានលើកឡើងអំពីសក្ខីភាពជាក់ស្តែងដែលរដ្ឋាភិបាលបាននិងកំពុងគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសមិទ្ធផលទាំងនេះ នឹងជួយឱ្យបងប្អូនមានលទ្ធភាព មានប្រាក់ចំណេញមាននិរន្តរភាពសេដ្ឋកិច្ច និងជីវភាពល្អប្រសើរ។ 
ចំពោះឃ្លាំងស្តុកស្រូវមានលទ្ធភាពស្តុកស្រូវដល់ ១០០តោន ដូច្នេះយើងអាចលក់ស្រូវស្ងួត ដែលទទួលបានតម្លៃខ្ពស់ជាងស្រូវសើម។ រីឯផ្លូវជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនយើងឱ្យកាន់តែមានភាពងាយស្រួល និងជួយដល់ការដឹកជញ្ជូនកសិផលកសិកម្មឱ្យកាន់តែងតែរហ័ស ជាពិសេសជួយបង្កើនតម្លៃកសិផល។ បន្ថែមលើនេះទៀត គឺការយកចិត្តទុកដាក់ឱ្យមានប្រឡាយទឹកសម្រាប់ធ្វើស្រែបានទាំងអស់គ្នា ព្រមទាំងការជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធដែលមានផលិតភាពខ្ពស់ មានទីផ្សារ មានទំនុកចិត្តពីអ្នកទិញ និងមានតម្លៃស្រូវខ្ពស់។

បើតាម ឯកឧត្តម រដ្ឋមន្ត្រី នៅអាណត្តិក្រោយ រាជរដ្ឋាភិបាលនឹងមានការដាក់មន្ត្រីជំនាញកសិកម្មតាមឃុំ នៅក្បែរបងប្អូនប្រជាណលរដ្ឋ ដើម្បីចូលរួមជួយលើបច្ចេកទេសកសិកម្ម និងដោះស្រាយបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងកសិកម្មឱ្យបានទាន់ពេលវេលា ឱ្យមានការចំណាយតិច ចំណេញច្រើន មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។ 
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានណែនាំឱ្យប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីសម្រេចជោគវាសនារបស់ខ្លួន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕