2024-01-24 11:01
72

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក fortuner ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតបុករះ រទេះលក់មីឆានិងលក់ភេសជ្ជៈ ទាំងកម្រោលធ្វើឲ្យអ្នកលក់ព្រលឹងចុងសក់គ្រប់ៗគ្នា បន្ទាប់មករថយន្តបានព្យាយាមបើករត់តែរត់មិនរួច ត្រូវប្រជាពលរដ្ឋ ដេញឃាត់បានភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចមុខផ្សារទំនើប អុីអន៣ លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក fortuner ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-6138 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករះរទេះលក់មីឆា និងម៉ូតូសណ្តោងរុឺម៉កលក់គ្រឿង ភេសជ្ជះ មួយចំនួនទៀត បណ្តាលឲ្យរងការខូចខាតធ្លាក់រាយប៉ាយពេញផ្លូវ ហើយរថយន្តបង្កក៏បានព្យាយាមបើករត់គេចចេញពី  កន្លែងកើតហេតុ រហូតដល់ម្តុំផ្លូវចូលក្នុងបុរីមួយកន្លែងតាមបណ្តោយផ្លូវ៥០ម៉ែត្រ តែត្រូវបានក្រុមជនរងគ្រោះតាមឃាត់បាន ដើម្បីប្រគល់ឱ្យសមត្ថកិច្ច។

បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនអ្នកបើកបររួមនិងរថយន្តទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឲ្យភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ ។