2024-05-01 10:05
37

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅ ដោយបណ្ដាលឲ្យខូចខាតផ្ទះបាយ មួយកន្លែង, ស្តុបគ្រឿងកាំមេរ៉ា ព្រមទាំងម៉ូតូសរុប០៤គ្រឿង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចបុរី ឡុងនី ហាង លីង អេឡិចត្រូនិច ផ្ទះលេខ០២ ផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
    ក្នុងប្រតិបត្តិការនេះដែរ ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ 
    ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់០៩ឡាន ស្មើរនឹង៣៦ម៉ែត្រគូប, រថយន្តជំនួយមកពីរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៤ម៉ែត្រគូប។ 
 ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ ផ្ទះល្វែង (ថ្មបេតុង) ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) ឆេះខូចខាតផ្ទះបាយ មួយកន្លែង, ស្តុបគ្រឿងកាំមេរ៉ា ទំហំ (០៤ម៉ែត្រ x ០៣ម៉ែត្រ)អស់ទាំងស្រុង, ឆេះរាលដាលដល់កន្លែងរោងជាង រួមនឹងម៉ូតូចំនួន០៤គ្រឿងអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ហេីយកម្លាំងសមត្ថកិច្ចជំនាញរបស់បានធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៧និង៤៥នាទីយប់នាថ្ងៃដដែល។ 
    ដោយឡែកចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយនៅក្នុងនោះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕