2024-05-07 03:05
24

(កំពត) ៖  កាលពីរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម យុន ហេង អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ថា រាល់គម្រោងវិនិយោគទាំងឡាយណាដែលមានដើមទុនក្រោម៥ដុល្លាដុល្លាអាមេរិក អាចមកទំនាក់ទំនងសុំច្បាប់ជាមួយមន្ត្រីជំនាញ នៃអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្តបាន ដោយមិនចាំបាច់ឡើងទៅទំនាក់ទំនង CDC នៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការវិនិយោគកម្ពុជាទេ។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់  អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ  និងកម្មវិធីកសាងសមត្ថភាពមន្ត្រី នៃអនុវគណៈកម្មាធិការវិនិយោគខេត្តកំពត-កែប  ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារ Rainforest Hotel  ខេត្តកំពត ឯកឧត្តម យុន ហេង អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជាបានឡើងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានផ្តោតការយកចិត្តទុកដាក់សំខាន់ លើការងារវិនិយោគ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ហើយដើម្បីឲ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនេះ អាចសម្រេចទៅបាន  ទាមទាឲ្យមន្ត្រីជំនាញនៃអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានសមត្ថភាព អាចដំណើរការគម្រោងវិនិយោគបានដោយខ្លួនឯង  ប៉ុន្តែត្រូវដើរស្របគ្នាជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តម យុន ហេង អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ថា គម្រោងវិនិយោគទាំងឡាយដែលមានដើមទុនក្រោម៥លានដុល្លាអាមេរិក គឺអាចទំនាក់ទំនងសុំច្បាប់ពីមន្ត្រីជំនាញ នៃអនុគណៈកម្មាធិការរាជធានីខេត្តបាន មិនចាំបាច់ឡើងទៅទំនាក់ទំនងជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការវិនិយោគកម្ពុជាទេ។

ជាមួយគ្នានោះលោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត បានបញ្ជាក់ឱ្យដឹងថាក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ នៃព្រះរាជណាចក្រកម្ពុជា អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពត-កែប ពិតជាមានសារៈសំខាន់ ចំពោះមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធនឹងការវិនិយោគ ក្នុងការស្វែងយល់ ការអនុវត្តច្បាប់ និងជំរុញការអនុវត្តវិស័យវិនិយោគក្នុងខេត្ត ឲ្យកាន់តែប្រសើឡើង ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាប្រយោជន៍ដល់ការលើកស្ទួយជិវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះលោកជំទាវស្នើសុំឲ្យអង្គសិក្ខាសាលាយកចិត្តទុកដាក់ស្រូបយកចំណេះដឹង និងបទពិសោធ តាមរយៈបទបង្ហាញរបស់វាគ្មិនឲ្យបានល្អប្រសើរ។(សឹង រ៉ាត់)