2024-05-16 06:05
187

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានគេរាយការណ៍មកថា សមត្ថកិច្ចបានស្វះស្វែងរកឃើញសាកសពហើយ ។ 
នារីជាមន្ត្រីនគរបាលពាក់សក្តិ២ស្រស់សោភាម្នាក់បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានធ្វើអត្តឃាតលោតទឹកពីលើស្ពានសេកុងលិចបាត់ក្នុងទន្លេ បង្កការភ្ញាក់ផ្អើលនារសៀលម៉ោង២និង១៥នាទីថ្ងៃទី១៥ ឧសភា ២០២៤ ស្ថិតនៅស្ពានមិត្តភាពកម្ពុជា-ចិនឬស្ពានសេកុងក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។ 
យោងតាមប្រភពព័ត៌មាន មុនពេលកើតហេតុបានឱ្យដឹងថា នារីជានគរបាលរូបនោះបានជិះរថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ខណៈបើកបរដល់ចំណុចកណ្ដាលស្ពានក៏បានចុះពីលើរថយន្តហើយលោតពីលើស្ពានទម្លាក់ខ្លួនទៅក្នុងទឹកអត់មាននិយាយអ្វីមួយម៉ាត់សោះ។ ភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកធ្វើដំណើរព្រមទាំងអ្នកនេសាទនៅលើផ្ទៃទឹក ។ 
ភ្លាមនោះអ្នកនេសាទក៏បានបើកទូកទៅចំណុចកើតហេតុចុះមុជរាវរកនិងអ្នកខ្លះបង់សំណាញ់ តែរហូតមកទល់ល្ងាចថ្ងៃដដែលនៅពុំទាន់ប្រទះឃើញរូបនាងទេដែលគេសន្និដ្ឋានថា អាចស្លាប់ទៅតាមបំណងរបស់នាងទៅហើយ ។ 
ទាក់ទិនករណីខាងលើនេះគេនៅពុំទាន់ដឹងច្បាស់ថា តើនារីដែលជានគរបាលចរាចរណ៍ស្រស់ស្អាតរូបនេះមានរឿងអ្វីនោះទេ ប៉ុន្តែអ្នកខ្លះបានបង្ហើបថាទំនងជាមានវិបត្តិក្នុងគ្រួសាររបស់នាងដែលធ្វើឲ្យឈឺចាប់ខ្លាំង រហូតសម្រេចធ្វើការបញ្ចប់ជីវិតបែបនេះ ។ 
    អ្នកខេត្តស្ទឹងត្រែងបានប្រាប់ឱ្យដឹងថា ៖ អាចជនរងគ្រោះទៅលោតទឹកក្នុងចន្លោះម៉ោងជាង១០ព្រឹក ដល់ម៉ោង១២ថ្ងៃទើបភ្ញាក់ផ្អើល បន្ទាប់ពីបន្សល់នូវស្បែកជើង ហើយដល់ម៉ោង២រសៀល ទាំងប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរ បានស្វែងរកបាត់ខ្លួន ប៉ុន្តែមិនទាន់ឃើញនៅឡើយ ដល់ល្ងាចម្សិលមុិញ។ ទើបព្រឹកនេះត្រូវបានរកឃើញសាកសព ប៉ុន្តែសមត្ថកិច្ចមិនទាន់លម្អិត ឬបញ្ជាក់ជារបាយការណ៍ជុំវិញមូលហេតុនៃការលោតទឹកសម្លាប់ខ្លួននេះនៅឡើយ ។ ដោយឡែកសាច់ញាតិបញ្ជាក់ថា គាត់មានកូនប្រុសម្នាក់អាយុ ២ខែ ៕ 
នារីនគរបាលរូបនេះឈ្មោះ អាយ សុធារ៉ា មានអាយុជាង៣០ឆ្នាំ មានឋានៈជាអនុសេនីយ៍ទោ នាយរងផ្នែកស្ថិតិប្រជាជនក្រុងស្ទឹងត្រែង ត្រូវបានផ្នែកចរាចរណ៍ស្នើមកជួយ ។ នាងមានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ នាងត្រូវបានប្រជាពលរដ្ឋគោរពស្រឡាញ់ដោយសារតែទង្វើល្អៗជាច្រើនជាមួយប្រជាពលរដ្ឋក្នុងពេលបំពេញភារកិច្ចនិងការងារក្នុងស្ថាប័នរបស់ខ្លួន ។