2024-07-22 04:07
210

កំពត៖ កម្លាំងនគរបាលខេត្តកំពត នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ដើម្បីបន្តនិតិវិធីតាមច្បាប់ ក្រោមបទ៖ «ឆបោកលុយប្រជាពលរដ្ឋដោយភូតភរធានារត់ការយកធ្វើការនៅប្រទេសកូរ៉េ»។

នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សាន់ សុកវី ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិអូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បានធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ ដោយប្រមូលលុយក្នុងម្នាក់ ចាប់ពី១០០០ដុល្លារ រហូតដល់២៥០០ដុល្លារធានារត់ការយកទៅធ្វើការងារនៅប្រទេសកូរ៉េ ប៉ុន្តែលទ្ធគ្រាន់តែសុបិន្តប៉ុណ្ណោះ។ ប្រភពបន្តថា ក្រោយទទួលបណ្តឹងពីប្រជាពលរដ្ឋ ចំនួន ២២គ្រួសារ ដែលរងការខាតបង់ប្រាក់អស់ប្រាក់ ៤៦ ៣០៥ដុល្លារ ចាប់ពីខែមិថុនា ឆ្នាំ២០២៣ ដល់បច្ចុប្បន្នដោយឈ្មោះ សាន់ សុកវី ឆបោកថានាំកូនចៅរបស់ពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ។ 

បន្ទាបពីមានពាក្យបណ្តឹង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ បានបញ្ជាដល់មន្ត្រីជំនាញផ្នែកព្រហ្មទណ្ឌខេត្តសហការជាមួយកម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាច ចុះស្រាវជ្រាវក្រោមទម្រង់ជាបទល្មើសជាក់ស្តែង ឈានដល់ការឃាត់ខ្លួន ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពត សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធី។

នគរបាលបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា៖ «ក្រោមគំនិតផ្តួចផ្តើមរបស់ប្អូនថ្លៃស្រីកំពុងធ្វើការនៅប្រទេសកូរ៉េ ពួកគេក៏បានបើកទីតាំងនៅភូមិទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញសម្រាប់ភ្ញៀវទំនាក់ទំនងទៅធ្វើការនៅប្រទេសកូរ៉េ។ ក្នុងនាមជាសមាជិកក្រុមការងារដែលទទួលប្រាក់ខែ ៥០០ដុល្លារ។ ចំពោះឈ្មោះ សាន់ សុកវី មានតួនាទីចាំទំនាក់ទំនងភ្ញៀវ និងត្រូវបានតម្រូវឱ្យបង្កើតគណនីធនាគារ សម្រាប់ទទួលលុយពីអ្នកដាក់ពាក្យធ្វើការ រួចផ្ទេរបន្តចូលគណនីធនាគារមួយទៀតឈ្មោះ KOUY LAIHEANG បន្ទាប់ពីភ្ញៀវបង់មុន ៥០ភាគរយ ពោលគឺចន្លោះពី១.០០០ដុល្លារទៅ២.៥០០ដុល្លារ»។

ជនសង្ស័យបានសារភាពទៀតថា៖ «អំឡុងពេលធ្វើការងារខ្លួនបានទទួលអ្នកដាក់ពាក្យប្រមាណ ២០០នាក់មកពីបណ្តារាជធានី ខេត្ត ចំនួន ១២ និងទឹកប្រាក់ប្រមាណជាង ៣០ម៉ឺនដុល្លារ។ ដោយសារកូនចៅមិនបានទៅធ្វើការនៅប្រទេសកូរ៉េ ប្រជាពលរដ្ឋក៏នាំគ្នាមកទារលុយវិញ ប៉ុន្តែគ្មានលុយសងទេ ព្រោះលុយដែលប្រមូលបានទាំងនោះ គឺបានផ្ទេរចូលគណនីឈ្មោះ KOUY LAIHEANG អស់ភ្លាមៗក្រោយពេលភ្ញៀវបង់ឱ្យ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តកំពត បានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕