2024-10-07 10:10
29

(កំពត)៖ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៤នេះ លោក អ៊ឺម ច័ន្ចសោធន  អភិបាលស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថានៃខេត្តកំពត រដ្ឋបាលស្រុកទឹកឈូបានមានក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការលំបាកសម្រាប់ក្រុមគ្រួសាររបស់បេក្ខជន ដែលមកពីបណ្តាស្រុកនានាទូទាំងខេត្តកំពតដែលធ្វើដំណើរមកប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅតាមមណ្ឌលប្រឡងបាក់ឌុបនៅក្នុងស្រុកទឹកឈូ និងក្រុងកំពត រដ្ឋបាលស្រុកទឹកឈូនឹងជួយផ្តល់ទីកន្លែងស្នាក់នៅដោយឥតគិតថ្លៃរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី ៩ នាខាងមុខ។

ជាមួយគ្នានេះដែររដ្ឋបាលស្រុកទឹកឈូក៏នឹងមានផ្តល់អាហារថ្ងៃត្រង់ចំពោះបេក្ខជនមានជីវភាពខ្វះខាតដែលត្រូវប្រលងបាក់ឌុបនៅតាមមណ្ឌលទាំង ៣ នៅក្នុងស្រុកទឹកឈូ ព្រមទាំងរៀបចំកន្លែងផ្ញើយានជំនិះជូនដោយឥតគិតថ្លៃ។

លោក អ៊ឹម ច័ន្ទសោធន អភិបាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ បានមានប្រសាសន៍ថា សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ អាជ្ញាធរស្រុក សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូនឹងរៀបចំយុទ្ធនាការចែករំលែកក្តីស្រលាញ់ចំពោះបេក្ខជនដែលមានជីវភាពខ្វះខាតហើយត្រូវមកប្រលង។

លោក អ៊ីម ច័ន្ចសោធន អភិបាលស្រុកទឹកឈូបានបន្តឲ្យដឹងថា មិនខុសពីឆ្នាំនោះមុនទេ ពិព្រោះបេក្ខជនទាំងអស់ដែលត្រូវមកប្រលងនៅក្នុងភូមិសាស្ត្រស្រុកទឹកឈូនឹងទទួលបានការផ្ញើម៉ូតូ និងអ្នកមកពីចម្ងាយដែលខ្វះខាត រដ្ឋបាលស្រុកទឹកឈូនឹងផ្តល់អាហារថ្ងៃត្រង់និងទឹកបរិសុទ្ធទាំង២ថ្ងៃជូនដើម្បីសម្រួលដល់ពិបាកជូនបេក្ខជនដែលមកប្រឡងទាំងអស់ផងដែរ។ 

បន្ថែមលើនោះ ចំពោះអ្នកដែលពីបណ្តាស្រុកនានា ដែលមានការលំបាកផ្នែកជីវភាពទាំងបេក្ខជនប្រលងក្នុងក្រុងកំពត ទាំងក្នុងស្រុកទឹកឈូ រដ្ឋបាលស្រុកនឹងផ្តល់ការស្នាក់នៅផ្ទះសំណាក់មួយយប់ដោយឥតគិតថ្លៃផងដែរ។

លោក អ៊ីម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានបញ្ជាក់បន្ថែមឲ្យដឹងថា ស្រុកទឹកឈូមានមណ្ឌលប្រលងចំនួន៣ គឺវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ និង វិទ្យាល័យហ៊ុនសែនត្រសេកកោង និងសាលាបឋមសិក្សាហ៊ុនសែនជុំក្រៀល។