2024-09-22 05:09
36

កំពង់ស្ពឺ​៖​ យុវជនទំនើង ចំនួន ០២​នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលេងផាវគ្រាប់បែក ដុតបោះបង្កឱ្យសំឡេងផ្ទុះតាមដងផ្លូវសាធារណៈធ្វើឱ្យមានការភ្ញាក់ផ្អើលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។

នគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២៤​ វេលាម៉ោ​ង​ ១៦និង​៣០នាទី​ មានក្រុមក្មេងទំនើង ចំនួន ០៣នាក់​ ជិះម៉ូតូ ចំនួន ០​២ ​គ្រឿង​ បានធ្វើ​សកម្មភាព​ដុតផាវ​ (​ប្រភេទ​គ្រាប់បែក) បោះនៅតាមទីផ្លូវសាធារណៈ​ តាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ ​១៤៤០​ ស្ថិតនៅភូមិអំពិលផ្អែម​ ឃុំក្រាំងចេក​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​។ 

ប្រភពបន្តទៀតថា ដោយទទួល​បានព័ត៌មាន​ពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចេ​ញល្បាតស្ទាក់ឃាត់បាន​ ចំនួន ០២នាក់ រួមមាន៖ ទី១៖ ឈ្មោះ​ យ៉េត​ សៀងហៃ​ ភេទប្រុស​ អាយុ ១៨ឆ្នាំ​ រស់នៅភូមិក្រាំងតាសោម​ ឃុំជំពូព្រឹក្ស​ ស្រុកសាមគ្គីមុនីជ័យ​ មុខរបរ​ រោងចក្រ និងទី២៖ ឈ្មោះ​ យឿន​ ឡា​ ភេទប្រុស​ អាយុ ១៩ឆ្នាំ​ រស់នៅភូមិ​ក្រាំង​តាសោម​ ឃុំជំពូព្រឹក្ស​ ស្រុកសាមគ្គីមុនី័យ​ មុខ​របររោងចក្រ​។ ចំណែកឯម្នាក់ទៀត បានរត់គេចខ្លួន​បាត់ស្រមោល។

ប្រភពបន្តថា សមត្ថកិច្ច​ដកហូតបាន​ផាវ​ ប្រភេទ​គ្រាប់បែក ​មួយចំនួន​ដែ​លនៅសល់ពីពួកគេបានបោះទម្លាក់ចោលក្រោយសមត្ថកិច្ចប្រតិបតិ្ដកាដេញរតាមឃាត់​ម៉ូតូដែលពួកគេជិះធ្វើសកម្មភាព។​ សមត្ថកិច្ច បានសំណូមពរ​ដល់បងប្អូនកូនក្មួយ​ មាតាបិតា​ អាណាព្យាបាល​ គួរគប្បី​ពិនិត្យ​មើលកូនចៅក្មួយបងប្អូន​ ណែនាំ​ឲ្យបញ្ឍប់សក​ម្មភាពបែបនេះ​ ករណី​លេងផាវអាចកើតមានការឆេះផ្ទះមកលើខ្លួន និងបង្កជាមហន្ដរាយផ្សេងៗជាយថាហេតុផងដែរ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ​ និងត្រូវបានចៅក្រមសម្រេចឃុំខ្លួននៅពន្ធនាគារខេត្ដកំពង់ស្ពឺជាបណ្តោះអាសន្ន៕