2024-07-05 12:07
147

បន្ទាយមានជ័យ៖ ក្មេងទំនើង ចំនួន ០៤នាក់ ត្រូវបាននគរបាលឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយនាំគ្នាយកដុំថ្មគប់យុវជនម្នាក់ បណ្តាលឲ្យរបួសបែកក្បាលរងរបួសធ្ងន់ធ្ងរ ព្រោះរឿងរាំឌឺដងគ្នាតាមបណ្តាញសង្គម TikTok។

នគរបាលបានឲ្យដឹងថា កាកាលពីថ្ងៃទី០២ ខែកក្កដាឆ្នាំ ២០២៤ វេលាម៉ោ ង៧និង៥០នាទី នៅត្រង់ចំណុច ភូមិសែនសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានក្រុមក្មេងទំនើងបានយកដុំថ្មគប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបំផុត។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០នាទី បានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវ និងបានឃាត់ជនសង្ស័យ ចំនួន ០៤ នាក់ រួមមាន៖ ទី១៖ ឈ្មោះ ងិន ឆាយ វារិទ្ធ អាយុ ១៥ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ទី២៖ ឈ្មោះ មិត្ត សុឈី អាយុ ១៩ រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ទី៣៖ ឈ្មោះ តារា សំណាង អាយុ ១៧ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងទី៤៖ ឈ្មោះ គឿន ឆៃយ៉ា អាយុ ១៥ឆ្នាំ រស់នៅភូមិព្រហូត សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ បានយកមកសាកសួរនាំតាមនិតិវិធី។ 

នៅចំពោះមុខសមត្ថកិច្ចក្រុមជនជនសង្ស័យបានឆ្លើយសារភាពថា៖ ពួកគេមានបក្ខពួក ចំនួន ១០នាក់ ជិះម៉ូតូ ចំនួន ០៥គ្រឿង ពិតជាបានយកដុំថ្មគប់ទៅលើជនរងគ្រោះពិតមែន ដោយមូលហេតុ ក្រុមខ្លួន និងក្រុមជនរងគ្រោះបានរាំឌឺដងគ្នាTik Tok។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ ត្រូវបាននគរបាលឃាត់ខ្លួនយកមកសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕