2024-06-06 03:06
156

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវក៏ត្រូវរថយន្តឡិចសុីសមួយគ្រឿងមិនចាំផ្លាកលេខបេីកមកបុកពីក្រោយខ្ទាតជាច្រេីនម៉ែត្រ ហេីយត្រូវរថយន្តម៉ាកMERCEDES BENZ G350 មួយគ្រឿងទៀតបេីកបរដោយបុរសជនជាតិចិនធ្វេីដំណេីរមកតាមក្រោយកិនបន្ថែម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

   សពជនរងគ្រោះមានឈ្មោះ ទួត ចន្ធូ ភេប្រុស អាយុ៣៤ឆ្នាំ មានទីកន្លែងកំណេីតនៅឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។
   បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនដំបូងគេសង្កេតឃេីញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដា ឃ្លីក ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1BF-2923 តែម្នាក់ឯងតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុីក្នុងទិសដៅពីលិចទៅកេីត លុះពេលមកដល់ចំណុចកេីតហេតុក៏មានរថយន្តម៉ាកឡិចសុីសមួយគ្រឿងមិនចាំផ្លាកលេខបានធ្វេីដំណេីរមកតាមក្រោយក្នុងល្បឿនលឿនល្មម រួចក៏បុកម៉ូតូជនរងគ្រោះដួលលេីថ្នល់អូសជាច្រេីនម៉ែត្រ ។ ភ្លាមៗនោះរថយន្តបង្កម៉ាកឡិចសុីសខាងលេីបានបន្តបេីកទៅមុខរត់គេចខ្លួនបាត់ស្រមោលទៅ ។ ស្របពេលនោះផងដែរ ក៏មានរថយន្តបង្កមួយគ្រឿងទៀតម៉ាក MERCEDES BENZ G350 ពាក់ផ្លាកលេខ កម្ពុជា YAN.6868 បេីកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វេីដំណេីរមកតាមក្រោយក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានកិនជនរងគ្រោះដែលកំពុងដេកដួលលេីថ្នល់ បណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ តែរថយន្ត MERCEDES BENZ G350 ដែលបេីកបរដោយជនជាតិចិនមិនបានបេីកគេចខ្លួននោះឡេីយ និងបានឈប់រថយន្តនៅកន្លែងកេីតហេតុផងដែរ។  

  ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឃាត់តៃកុងរថយន្តបង្ក MERCEDES BENZ G350 ជាជនជាតិចិនខាងលេី ប្រគល់ឱ្យសមត្ថកិច្ចជំនាញចាត់ការបន្ត ។ ដោយឡែករថយន្តបង្កនិងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាបន្តនាពេលក្រោយ ។ រីឯសពជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុនិងទាក់ទងទៅសាច់ញាតិក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕