2024-07-03 05:07
136

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៤នេះ បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានមួយចំនួន ដែលបានចោទសួរពាក់ព័ន្ធនឹងការចុះផ្សាយរបស់ សារព័ត៌មាន The Wall Street Journal កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ដោយចោទប្រកាន់លើវត្តមាននាវាយោធា ០២គ្រឿង របស់ចិន នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា។

ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ចំនួន ០២ចំណុច ដូចខាងក្រោម៖
១- នាវាយោធាចិន ០២គ្រឿង ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានោះ គឺទើបតែមកដល់នាថ្មីៗនេះប៉ុណ្ណោះ ដែលជានាវាផ្លាស់ប្តូរវេនជាមួយនឹងនាវាយោធាចិនកន្លងទៅ តាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដើម្បីមកបណ្តុះបណ្តាលជំនាញបច្ចេកទេស អំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា មិនដូចការចុះផ្សាយរបស់ សារព័ត៌មាន The Wall Street Journal ដែលថានាវានេះបានចូលចតរយៈពេលជាងកន្លះឆ្នាំ នោះឡើយ។

២- ខ្ញុំសូមច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា មានការបែងចែកតំបន់មូលដ្ឋានសម្រាប់នាវាយោធាចិនផ្សេង និងតំបន់មូលដ្ឋាននាវាយោធាកម្ពុជា។ ការផ្សព្វផ្សាយបែបនេះ ជាជាចេតនាបង្កឱ្យមានកាន់ច្រឡំ ហើយមិនមែនជាការពិតនោះឡើយ។ នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា កំពុងធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ដោយក្នុងនោះ មានតំបន់ខ្លះកំពុងសាងសង់ តម្រូវឱ្យមានការហាមឃាត់មិនឱ្យមានចេញចូលនោះឡើយ ដែលនេះជាកិច្ចការសម្ងាត់របស់កងទ័ព ស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា»៕