2024-05-27 09:05
194

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំចង្អៀតជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដើម្បីជម្រុញឲ្យជំនាញពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងបន្តការយកចិត្តដាក់អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនជាអាទិភាព ព្រមទាំងទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងផងដែរ។
កិច្ចប្រជុំចង្អៀននោះ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង ទទួលជំនាញ លោកនាយសេនាធិការ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នាយការិយាល័យប្រឆាំងគ្រឿងញៀន នាយការិយាល័យព្រហ្មទណ្ឌ និងនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស។
   កិច្ចប្រជុំខាងលើ ក្នុងគោលបំណងដកបទពិសោធន៍កិច្ចការជំនាញ ដើម្បីបង្កើនប្រសិទ្ធិភាពស្រាវជ្រាវ និងបង្ក្រាបបទល្មើស ជាពិសេស ជម្រុញឲ្យជំនាញពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងបន្តការយកចិត្តដាក់អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ជាអាទិភាព ព្រមទាំងទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើង ដែលតែងតែបង្កអសន្តិសុខក្នុងសង្គមឲ្យបានម៉ឹងម៉ាត់បំផុត សំដៅបង្កើនការរក្សាសន្តិសុខជូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យមានសុវត្តិភាពខ្ពស់។

   លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានថ្លែងអំណរគុណផងដែរ ចំពោះជំនាញពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានចូលរួម ដោះស្រាយនូវកង្វល់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលានិងមានប្រសិទ្ធិភាពខ្ពស់បំផុត ឆ្លើយតបទៅនឹងបណ្តឹងតាមរយៈប្រព័ន្ធទូរសព្ទអត់គិតប្រាក់ ២៤ម៉ោង លេខ១២៩១ លើករណីហិង្សាក្នុងគ្រួសារ ការផឹកស៊ីឡូឡារំខានអ្នកជិតខាងក្នុងពេលរាត្រី ការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ចោរកម្ម ក្មេងទំនើង...ធ្វើឲ្យម្ចាស់បណ្តឹង បានស្ងប់ចិត្ត ព្រមទាំងទទួលបានភាពកក់ក្តៅ និងមានទំនុកចិត្ត៕