2024-06-24 04:06
86

ភ្នំពេញ ៖ នារីម្នាក់ត្រូវបានជនសង្ស័យច្របាច់កសម្លាប់ រួចយកទៅព្យួរក ជាប់នឹងចង្រឹងទ្វារ នៅក្នុងបន្ទប់ជួលបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ០៤ នឹង ៣០នាទី រសៀល ថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពនារីរងគ្រោះមានឈ្មោះ សួន មករា អាយុ ២២ឆ្នាំ មានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ ស្នាក់នៅបន្ទប់ជួលជាន់ទី១ ទីតាំងកើតហេតុខាងលើនេះ ។ 

ប្រភពបន្ថែមថាមុនថ្ងៃកើតហេតុនៅវេលាម៉ោងប្រមាណ ០៣ទាប ភ្លឺ ឈានចូលថ្ងៃ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ គេបានឃើញ នារីរងគ្រោះ នឹងបុរសជាសង្សារបានដើរឡើងទៅបន្ទប់ជាមួយគ្នាប៉ុន្តែមិនមានអ្នកណាចាប់អារម្មណ៍នោះទេ លុះដល់វេលាខាងលើស្រាប់តែប្រទះឃើញនារីរងគ្រោះស្លាប់នៅក្នុងបន្ទប់ជួលតែម្តង ។

បើតាមប្រភពពីសាច់ញាតិបានឲ្យដឹងថានៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះម្តាយជនរងគ្រោះបានទាក់ទងមកកូនស្រី តាមរយៈទូរស័ព្ទ ជាច្រើនដង មិនគ្មានអ្នកលើកទទួល ។ ក្រោយមកដោយក្តីបារម្ភម្តាយក៏បានឡើងពីតាកែវមកមើលកូនស្រីលុះពេល  មកដល់មុខបន្ទប់ ក៏ឃើញចាក់សោរពីខាងក្នុងទោះគាត់ខំគោះទ្វារយ៉ាងណាក៏មិនលឺឆ្លើយតបដែរ ទើបគាត់បានហៅអ្នកក្បែរខាងឲ្យមកជួយកាត់សោរដើម្បីចូលទៅស្រាប់តែ  ឃើញជនរងគ្រោះចងកជាប់នឹងចងកចង្រឹងដែក ជាប់នឹងទ្វារស្លាប់ក្នុងស្ថានភាពហើមស្អុយទៀតផង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យនិងបានរកឃើញមានស្នាមម្រាមដៃនៅលើបំពង់កសព ករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថាជាអំពើឃាតកម្ម ដោយជនសង្ស័យបានច្របាច់កសម្លាប់ជនរងគ្រោះរួច ទើបយកទៅព្យូរកតាមក្រោយ ។សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីដឹកបញ្ជួនទៅរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។