2024-06-27 07:06
129

ទិវាដ៏មានសារៈសំខាន់នេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នាសាលមហោស្រពរតនៈ ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។នៅក្នុងឱកាសនេះ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តបានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដេីម្បីសុខមាលភាពប្រជាពលរដ្ឋ ជាមួយនឹងពាក្យស្លោក «ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង»ហើយកម្ពុជា នៅតែប្រឈមទៅនឹងបញ្ហាគ្រឿងញៀនដែលជាបញ្ហាសង្គមដ៏ស្មុគស្មាញ សម្រាប់សង្គមមនុស្សជាតិទាំងមូល ។
​​​   ឯកឧត្តមក៏បានលើកឡើងផងដែរថា សន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដ៏សំខាន់ ដែលផ្ដល់ភាពអនុគ្រោះ ដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវិស័យផ្សេងៗទៀត ឱ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ គ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាលកម្ពុជា បន្តតាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃកម្ពុជា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន។ដូច្នេះហើយកន្លងមករដ្ឋបាលខេត្ត បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនពាក់ព័ន្ធនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ក្នុងនោះបានដាក់ចេញវិធានការយ៉ាងមុឺងម៉ាត់ចំពោះបញ្ហាក្មេងទំនើង ការបើកបរល្មើសច្បាប់ចរាចរ បង្ក្រាបបទល្មើសនានា ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបញ្ហាគ្រឿងញៀន។ ខណៈជាគោលដៅ គឺបានអនុវត្តន៍ និងបន្តអនុវត្តន៍ ឲ្យគ្រប់ភូមិទាំងអស់ ក្លាយជាភូមិឃុំដែលគ្មានគ្រឿងញៀនផងដែរ។ យើងត្រូវនិយាយថាទេចំពោះគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៊ ឯកឧត្តម
អភិបាលរងខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ស្រទាប់វ័យ គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ ជាពិសេសសិស្សានុសិស្ស សូមបន្តអនុវត្តស្មារតីជាតិរបស់យើង គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ទាំងអស់គ្នា។
   សូមបញ្ជាក់ថា បើតាមរបាយការណ៍ដែលលើកឡើងដោយ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលបន្ទុកការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានអោយដឹងថា ក្នុងរយៈពេល ៦ខែ ឆមាសទី១ ឆ្នាំ២០២៤នេះ មន្ត្រីអនុវត្តច្បាប់គ្រឿងញៀន សហការជាមួយអធិការ ដ្ឋាននគរបាលក្រុងស្រុកទាំង៩ បានចុះផ្សព្វផ្សាយ និងអប់រំខ្លឹមសារស្តីពី ផលប៉ះពាល់ក្នុងការប្រើប្រាស់គ្រឿងញៀនជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាពិសេសមុខសញ្ញាដែលធ្លាក់ ក្នុងអន្ទាក់គ្រឿងញៀនគ្រប់រូបភាពតាមរយះ វេទិការសាធារណៈ គ្រឹះស្ថានសិស្សា ទីប្រជុំជន ខ្នងផ្ទះ វត្តអារាម នៅតាមមូលដ្ឋាន សរុបចំនួន ១,៧០៨លើក មានអ្នកចូលរួមចំនួន ៧៣,០២៧ នាក់ ស្រី ៣៥,១៨៥ នាក់។បានតម្លើហបញ្ជីគ្រប់គ្រងមុខសញ្ញាចេញពីពន្ធនាគារ ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយមានសាវតាជាតិ និងរូបថត ចំនួន ២៣មុខសញ្ញា ស្រី០៣នាក់។បានតំឡើងបញ្ជីគ្រប់គ្រងមុខសញ្ញាថ្មី ដែលសង្ស័យអាចមានការពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដោយមានសាវតាជាតិ និងរូបថត ចំនួន ៧៤មុខសញ្ញា ស្រី១៣នាក់ ដោយជនទាំងនេះស្ថិតក្រោមការឃ្លាំមើស របស់សមត្ថកិច្ចជំនាញ។បានតំឡើងបញ្ជីគ្រប់គ្រងទីតាំងងាយរងគ្រោះបទល្មើសគ្រឿងញៀន ដើម្បីវាយតំលៃពីស្ថានភាពនិង សភាពការណ៍គ្រឿងញៀននៅក្នុងខេត្តរតនគិរី រួមមាន សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល ក្លិបកំសាន្ត ខារ៉ាអូខេ និងគោលដៅសាលារៀន ដែលជាគោលដៅចាប់អារម្មណ៍របស់ពួកឧក្រិដ្ឋជនគ្រឿងញៀន និងជាគោលដៅងាយរង គ្រោះធ្លាក់ចូលអន្ទាក់គ្រឿងញៀនចំពោះសិស្សានុសិស្ស ។
   បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀន សរុបចំនួន ២៥ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧២មុខសញ្ញា ស្រី០២នាក់ ក្នុងនោះ (ករណី រក្សាទុក ជួញដូរ ២២ករណី ករណីប្រើប្រាស់ចំនួន ០៣ករណី) និងអនុវត្តតាមដីកាចំនួន ០១ដីកា។ បានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ហៅថាម៉ាទឹកកក) ចំនួន ១១៩ កញ្ចប់ ទម្ងន់ ៤០២.៧៩ក្រាម WYទម្ងន់ ០.៣៧ក្រាម ម៉ូតូ ១៩គ្រឿង, ទូរស័ព្ទ ២៨គ្រឿង ជញ្ជើញថ្លឹង០៣ គ្រឿង,អាវុធAK០១ដើម, លុយខ្មែរចំនួន ៦៣១,៥០០រៀល សម្ភារៈសម្រាប់សេព និងថង់សម្រាប់ច្រកថ្នាំញៀន មួយចំនួនធំ៕