2024-05-20 08:05
239

(កែប) ៖  នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤នេះលោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកែប បានប្រាប់ឲ្យដឹងថា សម្រាប់មឹកមួយប្រភេទនេះគេមិនដែលឃើញរស់នៅក្នុងសមុទ្រខេត្តកែបឬរស់ក្នុងសមុទ្រនៃប្រទេសកម្ពុជានោះឡើយ។
  បើយោងតាមអ្នកជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា មឹកពីងពាង Hapalochlaena lunulala ស្ថិតក្នុងអម្បូរ Octopodidae ជាប្រភេទសត្វសមុទ្រដែលពុលខ្លាំងបំផុត វារស់នៅតំបន់ថ្មប៉ប្រះទឹក និងកន្លែងមានផ្កាថ្ម នៅមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រឥណ្ឌា មានរបាយរស់នៅពីប្រទេសជប៉ុនរហូតដល់ប្រទេសឥណ្ឌា។
មឹកដែលមានផ្ទុកសារធាតុពុលនេះមាន ៤ ប្រភេទ គឺ H. fasciata, H. lunulata, H. maculosa និង H. nierstraszi. គេកំណត់អត្តសញ្ញាណវាបានដោយនៅលើស្បែកមានពណ៌លឿង និងមានដុំជារង្វង់ពណ៌ខៀវ និងពណ៌ខ្មៅ តែពណ៌ទាំងនេះអាចផ្លាស់ប្តូបាននៅពេលមានការគំហែងលើវា។
អ្នកជំនាញបញ្ជាក់ថា វាស៊ីចំណី ពពួកកូនក្តាម កូនបង្គា និងពពួកសត្វសមុទ្រល្អិតៗ ហើយទំហំរបស់វាតូចចាប់ពី ១២-២០ស.ម។

  វារស់នៅមានសភាពធម្មតា តែជាប្រភេទមានពិសខ្លាំងបើយើងប៉ះលើវា ព្រោះមានផ្ទុកសារធាតុពុលខ្លាំង មានឈ្មោះ Tetrodotoxin មឹកប្រភេទមួយនេះមានអាយុរស់នៅបានចន្លោះពី ២ ទៅ ៣ឆ្នាំប៉ុណ្ណោះ។