2024-08-30 04:08
37

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក-លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្ដីនៃអគ្គលេខាធិការដ្ឋាន គ.យ.ប.។

អង្គប្រជុំនេះ បានផ្ដោតសំខាន់លើការពិនិត្យ និងពិភាក្សាលើការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ (KPIs) សំខាន់ៗ ដែលមានលក្ខណៈជាយុទ្ធសាស្រ្ដ និងកែទម្រង់ សំដៅឱ្យការកំណត់ KPIs អាចអនុវត្តបាន ជាពិសេសឆ្លុះបញ្ចាំងពីការវាយតម្លៃលើស្ថានភាពជាក់ស្ដែង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៥០។

បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុល ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត  បានវាយតម្លៃខ្ពស់ដល់អគ្គលេខាធិការដ្ឋាន គ.យ.ប. ដែលបានខិតខំរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ និងស្នើឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្តកែសម្រួល និងសម្រួច KPIs  ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ស្របតាមស្មារតីនៃអង្គប្រជុំ។ 

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់ការណែនាំបន្ថែមដល់អគ្គលេខាធិការដ្ឋាន គ.យ.ប. ឱ្យពន្លឿនក្នុងការបញ្ចប់ការកែសម្រួល សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ឱ្យចប់រួចរាល់ ដើម្បីអាចដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច នាពេលឆាប់ខាងមុខ៕