2024-05-30 05:05
201

ភ្នំពេញ៖ ដោយសារកត្តាធម្មជាតិ និងការបម្រែបម្រួលអាកាសធាតុបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ផងនោះ បានបណ្តាលឱ្យបាក់រំលំដើមឈើមួយដើមសង្កត់លើមនុស្សប្រុស-ស្រី ចំនួន ០២នាក់ ខណៈពេលកំពុងជិះម៉ូតូមួយគ្រឿង បណ្តាលឱ្យរងរបួសយ៉ាងដំណំ ស្ថិតតាមបណ្ដោយមហាវិថីកម្ពុជាក្រោម។

ហេតុការណ៍បាក់រលំដើមឈើលើអ្នកដំណើរនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លើមហាវិថីកម្ពុជាក្រោម កែងផ្លូវលេខ ២៥៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្នុងករណីនេះបណ្តាល្យមនុស្សប្រុស-ស្រី ចំនួន ០២នាក់ បានរងរបួសខណៈកំពុងជិះម៉ូតូមួយគ្រឿងតាមបណ្ដោយមហាវិថីកម្ពុជាក្រោមពេលមេឃកំពុងតែភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ស្រាប់តែមានដើមឈើមួយដើមបានបាក់មែករលំសង្កត់លើអ្នករងគ្រោះកំពុងជិះម៉ូតូតែម្តង។ ប្រភពបន្តទៀតថា ជនរងគ្រោះទាំង ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក់ ហុងដាឃ្លីក ពាក់ស្លាកលេខ ភ្នំពេញ 1CA-9175 ឌុបគ្នាតាមបណ្តោយមហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុមែកដើមបាក់លំសង្កតលើរងរបួសហើយភ្លាមៗនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុអាជ្ញាធរបានយករណាយន្តអារកាត់មែកឈើដើម្បីយកចេញពីផ្លូវ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ និងបានយកម៉ូតូជនរងគ្រោះចេញពីក្រោមដើមឈើ។ ចំណែកម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់១ ជាបណ្តោះអាសន្ន៕