2024-06-14 10:06
185

ខេត្តត្បូងឃ្មុំ៖ នាព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកចុះជួយពង្រឹង គុណភាពសេវាមន្ទីរពេទ្យខេត្ត បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាព និងដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងចំណុចកែលម្អបន្ថែមនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាចិនត្បូងឃ្មុំ ។ 
នៅក្នុងឪកាសនោះឯកឧត្តមសាស្ត្រាចារ្យ ក៏បានវាយតម្លៃខ្ពស់ដល់មន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុង វិស័យសុខាភិបាលដោយពង្រាយបុគ្គលិកគ្រប់ផ្នែក មានក្រមសីលធម៌ល្អ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងបានចូលរួមដោះស្រាយបញ្ហាមួយចំនួន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ណែនាំ សំដៅបង្កើន និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមរួមមាន បន្តពង្រឹងសមត្ថភាពបច្ចេកទេសតាមរយៈការប្រជុំពិភាក្សារៀងរាល់ព្រឹក ប្រជុំពិភាក្សាអំពីករណីជំងឺធ្ងន់ តាមផ្នែកនីមួយៗ ឬចូលរួមពីផ្នែកពាក់ព័ន្ធផ្សេងទៀតឱ្យបានទៀងទាត់-តាមដានស្វែងយល់ ( Feedback ) ត្រឡប់មកវិញ អំពីរោគវិនិច្ឆ័យ និងការព្យាបាលទៅលើអ្នកជំងឺដែលបានបញ្ចូនពីមន្ទីរពេទ្យខេត្តទៅមន្ទីរពេទ្យថ្នាក់ជាតិ។
   ឯកឧត្តមសាស្ត្រាចារ្យ ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានកោតសរសើរ ណែនាំដល់មន្រ្តីទាំងអស់ចំណុះក្រសួង ត្រូវខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត តាមតួនាទីភារកិច្ចបានប្រគល់ជូន និងអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្ត្រ និង ជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធី នយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវវឌ្ឍនភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរទៀតផង ។