2024-06-30 05:06
147

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ តាមដងផ្លូវ ដោយមានបុរសជនជាតិចិនម្នាក់ របូតដៃធ្លាក់ពីរថយន្តមួយគ្រឿង បណ្តាលឱ្យរងរបួសធ្ងន់ ខណៈពេលនោះមានជនជាតិមួយក្រុមទៀត នាំគ្នាលើកជនរងគ្រោះដាក់លើរថយន្តក្រុង និងបានព្យាយាមបើករត់គេចខ្លួន សមត្ថកិច្ចដេញតាមរហូតដល់ផ្លូវវិមានឈ្នះឈ្នះ ទើបបង្ក្រាប់បាននាំយកជនជាតិចិនទាំងនោះទៅសួរនាំ។
​​​​  ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះ ស្ថិតតាមមហាវិថី ឈ្នះឈ្នះ ត្រង់ចំណុច មុខរោងចក្រកាត់ដេរ ប៊ឺរី ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសជនជាតិចិនម្នាក់ បានឈរតោងជញ្ជាំងរថយន្ត ០១គ្រឿង មិនស្គាល់ម៉ាកបានបើកបរក្នុងល្បឿនលឿន ដោយរេចង្កូតចុះឡើងពេញផ្លូវក៏ណ្ដាលឲ្យបុរសជនជាតិចិនរបូតដៃធ្លាក់បោកក្បាលរបួសធ្ងន់ធ្ងរស្លប់ស្តូកស្តឹងលើផ្លូវ។ ប្រភពបន្តទៀតថា ក្រោយមកក៏មានជនជាតិចិនប្រមាណជិត ៤០នាក់ ជិះរថយន្តក្រុង ០១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 3C-9965  បើកបរដោយជនជាតិខ្មែរម្នាក់ មកឈប់កន្លែងកើតហេតុហើយតៃកុងរវុលចុះមកជជែកគ្នាជាមួយអ្នកនៅកន្លែងកើតហេតុ ស្រាប់តែជនជាតិចិនទាំងនោះលើកអ្នករបួសដាក់រថយន្តបើកគេចចេញយ៉ាងតក់ក្រហល់។ 
បន្ទាប់មានការភ្ញាក់ផ្អើល សមត្ថកិច្ច និងសន្តិសុខយាមរោងចក្រដេញតាមឃាត់រថយន្តក្រុងនោះបាន និងបាននាំខ្លួនមនុស្សនៅលើនោះទាំងអស់យកទៅការិយាល័យប៉ូលិស ដើម្បីសាកសួររឿងរ៉ាវនេះ។ ចំពោះអត្តសញ្ញាណ ជនជាតិចិនរងគ្រោះមិនស្គាល់នោះទេ ព្រោះគ្មានលិខិតឆ្លងដែន ឬប័ណ្ណសម្គាល់ខ្លួនឡើយ ក្នុងការបូបស្ពាយ ១ មានលុយ ចំនួន ៣៦០ដុល្លារ ប៉ុណ្ណោះ និងបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យតោជោសន្តិភាព។
  ប្រភពបន្តថា នៅក្នុងរថយន្តក្រុងនោះ មានមនុស្ស ចំនួន ៤០នាក់ (ស្រី០២នាក់) ក្នុងនោះ មានជនជាតិ ចំនួន ៣៩នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីធ្វើការសួរនាំតាមនិតិវិធី។
ករណីនេះនៅមិនទាន់ដឹងថា មានរឿងអ្វីនៅឡើយទេគ្រាន់តែដឹងថា ជនជាតិចិន១ក្រុមនេះ រួមទាំងអ្នករបួសផង ធ្វើដំណើរមកពីខេត្តព្រះសីហនុ ជាមួយគ្នាពេលនេះកំពុងស្ថិតនៅក្នុងការសាកសួរនៅឡើយ៕