2024-07-04 07:07
141

ក្រចេះ÷ ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានសហការជាមួយរដ្ឋបាលខេត្ត បានកំណត់យកទីតាំងសាលាបឋមសិក្សាល្អ ស្ថិតក្នុងភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីប្រារព្ធពិធីបុណ្យរុក្ខទិវា៩កក្កដា ២០២៤ ដែលជាពិធីបុណ្យជាតិត្រូវបានរៀបចំឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី 7 ខែសីហា ឆ្នាំ1952 ក្រោមព្រះរាជតម្រិះ អតីតព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះជារាស្រ្តខ្មែរទូទៅតែងតែគោរព និងដង្ហែរតាមព្រះតម្រិះនេះតាំងពីដើមរៀងមក។ ការដាំកូនឈើឡើងវិញដែលជាធនធានធម្មជាតិដ៏មានសារៈសំខាន់នៅលើផែនដី ពីព្រោះដើមឈើជាអាវុធប្រឆាំង នឹងគ្រោះធម្មជាតិជាច្រើន។
    លោក ទ្រី សុភក្រ័ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបញ្ជាក់ថាសម្រាប់ឆ្នាំ 2024 នេះមន្ទីរកសិកម្មបានជ្រើសរើសកំណត់យកទីតាំងសម្រាប់ប្រារព្ធពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្ត នៅក្នុងបរិវេណសាលាបឋមសិក្សាល្អ និងដាំដើមឈើតាមដងផ្លូវស្ថិតក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី  ហើយប្រភេទកូនឈើដែលត្រូវយកមកដាំក្នុងពិធីបុណ្យរុក្ខទិវា៩កក្កដា ដ៏មានសារសំខាន់ និងចែកចាយដល់បងប្អូនប្រជាពលរដ្ឋសម្រាប់យកទៅដាំនៅតាមលំនៅដ្ឋាន រួមមាន ប្រភេទឈើធ្នង់ ក្រញូង និងបេងចំនួន 450ដើម ក្នុងគោលបំណងដើម្បីស្ដារ និងដាំឡើងវិញនៅប្រភេទឈើមានរយៈពេលវែង ដែលធ្វើឲ្យប្រសើរឡើងនៅសោភណ្ឌភាព ទេសភាពធម្មជាតិ បរិស្ថាន និងចូលរួមចំណែកកាត់បន្ថយការឡើងកម្ដៅ នៅក្នុងភពផែនដី និងការប្រែប្រួលអាកាសធាតុ។ ដោយពិនិត្យឃើញថាព្រៃឈើបានផ្ដល់ផលប្រយោជន៍ដ៏ធំធេងសម្រាប់មនុស្សលោក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅបទបញ្ជាមួយចំនួនដើម្បីបញ្ឈប់ និងដកហូតដីព្រៃដែលបានកាប់រានទន្ទ្រានដោយខុសច្បាប់នោះមកដាំកូនឈើឡើងវិញ។
      ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ថា បុណ្យរុក្ខទិវា 9 កក្កដា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីប្រទេសជាតិមានសុខសន្តិភាពចាប់ពីអំឡុងឆ្នាំ 1993 មក យើងតែងតែបានរៀបចំប្រារព្ធបុណ្យរុក្ខទិវា ដាំដើមឈើរហូតមកដល់បច្ចុប្បន្ន ឯកឧត្តម អភិបាលខេត្ត បញ្ជាក់បន្ថែមថា សារៈសំខាន់នៃការដាំដើមឈើវាបានផ្ដល់ជាម្លប់សម្រាប់ជ្រកកោន បានផ្តល់ជាផ្កា ជាផ្លែសម្រាប់ហូបផងដែរ។ 
     ក្នុងឪកាស់នោះឯកឧត្តម វ៉ា ថន បញ្ជាក់បន្ថែមទៀតថា ការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអង្គការដៃគូនានា ដែលគូសបញ្ជាក់ឲ្យឃើញនូវការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ ដាំដើមឈើឡើងវិញដោយមានការយកចិត្តទុកដាក់បំផុត ហើយបានចាត់ទុកបញ្ហានេះជាបញ្ហាដ៏សំខាន់ នៃជីវភាពរស់នៅរបស់បងប្អូន និងមនុស្សជាតិទាំងមូល។
    ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តក្រចេះ បានច្រើនរំលឹកផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះស្រលាញ់ព្រៃឈើ សហការណ៏ការពារព្រៃសហគមន៍ដែលមានហើយឲ្យបានគង់វង្ស ជាពិសេសសូមបន្តរួបរួមគ្នាក្នុងការដាំដើមឈើឡើងវិញទោះជាប្រភេទឈើហូបផ្លែ ឬក៏ឈើមិនហូបផ្លែក្តី
អោយបានយ៉ាងតិចក៏១ដើមក្នុងមនុស្សម្នាក់ នៅតាមទីតាំងណាដែលអាចដាំបាន ជាមួយគ្នានោះដែរ ក៏ត្រូវណែនាំអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន ល្បែងល្បែងសុីសង់ផ្សេងៗ ដែលនាំអោយខូចអនាគត សង្គមមិនត្រូវការ។ ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន បានផ្ដល់ជូនថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាការពារភូមិ និងថវិកាមួយចំនួនទៀតសម្រាប់ផ្តល់ជូនលោកនាយកសាលាទិញបង់បីសម្រាប់ដាក់ឲ្យសិស្សានុសិស្សអង្គុយលេងក្នុងសាលាបឋមសិក្សាល្អផងដែរ៕