2024-08-30 05:08
132

ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍លើករណីផ្ទេរការហ្វឹកហ្វឺនធ្វើអវយវៈសិប្បនិម្មិត និងសេវាកម្មនីតិសម្បទារូបវ័ន្ត ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទៅក្រសួងសុខាភិបាលវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលអង្គភាព អឹម អេស ជេ ទទួលបាន នារល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះ។

... របស់ទីស្តីការណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយ លោកបណ្ឌិត អេង កុកថាយ រដ្ឋលេខាធិការ បានឱ្យដឹងដូចខាងក្រោម៖

- រក្សាទុកមុខងារផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាតាមបែបគំរូសង្គម និងការហ្វឹកហ្វឺនធ្វើ អវយវៈសិប្បនិម្មិតនិងរណប ឱ្យស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្ប ទា ដោយផ្ទេរមុខងារផ្តល់សេវាស្តារលទ្ធភាពពលកម្មបែបវេជ្ជសាស្ត្រ ជូនក្រសួងសុខាភិបាល។

២- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្តគ្រប់គ្រងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ដែលមានស្រាប់ និងបន្តពង្រឹងពង្រីកវិសាលភាព ដើម្បីបង្កើនការផ្តល់សេវានិងប្រសិទ្ធភាព ឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងករណីមានតម្រូវការសេវាស្តារលទ្ធភាពពលកម្មបែបវេជ្ជសាស្ត្រ ដែលត្រូវអនុវត្តនៅមន្ទីរពេទ្យ ត្រូវបញ្ជូនទៅរកសេវានៅមន្ទីរពេទ្យ។ 

៣- ក្រសួងសុខាភិបាល ពង្រឹងពង្រីកការផ្តល់សេវាស្តារលទ្ធភាពពលកម្មបែបវេជ្ជសាស្ត្រដែលមានស្រាប់ នៅមូលដ្ឋានសុខាភិបាល ស្របតាមសេចក្តីណែនាំគ្លីនិក ស្តីពី សំណុំសកម្មភាពអប្បបរមា សម្រាប់មណ្ឌលសុខភាព សេចក្តីណែនាំ ស្តីពី សំណុំសកម្មភាពបង្គ្រប់សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យជាតិ តាមរយៈការធ្វើសមាហរណកម្មសេវាស្តារលទ្ធភាពពលកម្មបែបវេជ្ជសាស្ត្រ ទៅក្នុងសេវាសុខាភិបាលជាសារវ័ន្ត ដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ។

៤- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រមូលផ្តុំអង្គភាពពាក់ព័ន្ធ បង្កើនប្រសិទ្ធភាពការងារ រួមទាំងផលិតភាពឱ្យមានលក្ខណៈស្តង់ដាខ្ពស់ តាមរយៈការពង្រឹងពង្រីកធនធានមនុស្ស និងទំនើបកម្មសម្ភារៈ ឧប​ករណ៍បច្ចេកទេស ដើម្បីលើកកម្ពស់ការផ្តល់សេវាបន្ថែមទៀត ជូនដល់ជនមានពិការភាព ដោយឥតគិតថ្លៃ និងប្រែក្លាយមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាតាមបែបគំរូសង្គម ជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ជនមា​ន​ពិការភាពទាំងក្នុងប្រទេសនិងតំបន់។

៥- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល ពង្រឹងកិច្ចសហការ យ៉ាងជិតស្និទ្ធ​ក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ទៅតាមភារកិច្ចនិងជំនាញរបស់ខ្លួន ដោយធ្វើការបញ្ជូ​ន​អ្នកជំងឺដែលបានព្យាបាលរួចពីមូលដ្ឋានសុខាភិបាល ទៅមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទាតាមបែបគំរូសង្គម និងទទួលយកការបញ្ជូនអ្នកជំងឺ ដែលត្រូវការសេវាស្តារលទ្ធភាព ពលកម្មបែបវេជ្ជសាស្ត្រ ពីម​ជ្ឈ​ម​ណ្ឌ​លស្តារលទ្ធភាពពលកម្មកាយសម្បទា តាមបែបគំរូសង្គម ឬសហគមន៍ មកមូលដ្ឋានសុខាភិបាល៕