2024-05-10 03:05
163

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីរន្ទះបាញ់បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ជនរងគ្រោះឈ្មោះ ហុង ឃ្លោ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
មុនពេលកើតហេតុ ជនរងគ្រោះកំពុងបើកបរម៉ូតូលើដងផ្លូវជាតិលេខ៣ក្នុងទិសដៅពីវាលរេញឆ្ពោះទៅខេត្តកំពត នៅពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។ ពេលកំពុងធ្វើដំណើរដល់ចំណុចកើតហេតុខាងលើក៏មានផ្គរនិងរន្ទះបាញ់ត្រូវចំជនរងគ្រោះបណ្តាលឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូស្លាប់តែម្តង។

តាមការបំភ្លឺរបស់ឈ្មោះ មូល សុធា ភេទប្រុស មុខរបរជាងជួសជុលម៉ូតូនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ពេលកើតហេតុ គាត់កំពុងតែអង្គុយជួសជុលម៉ូតូនៅក្នុងតូប ហើយមេឃកំពុងធ្លាក់ភ្លៀងខ្លាំង លាយឡំជាមួយផ្គររន្ទះផងដែរ ។ ពេលនោះគាត់ឃើញបុរសរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ មានទិសដៅពីវាលរេញឆ្ពោះទៅកំពត ពេលជិះមកដល់ចំណុចកើតហេតុក៏មានផ្គររន្ទះបាញ់ឮសូរផូង ហើយឃើញជនរងគ្រោះធ្លាក់ពីលើម៉ូតូ។ បន្ទាប់ពីឃើញហេតុការណ៍បែបនេះ គាត់ក៏បានហៅបងប្អូនមកជួយមើល តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះក៏មានការចុះត្រួតពិនិត្យពីសំណាក់សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ផងដែរ។ ក្រោយពីការត្រួតពិនិត្យកន្លែងកើតហេតុ និងសពជនរងគ្រោះខាងលើពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ។  សាកសពជនរង គ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕