2024-05-30 04:05
143

កណ្តាល : យុវជនពីរនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពី ជិះម៉ូតូមួយគ្រឿង ហើយបានវ៉ាជែងរថយន្តធន់ធំ ដែលនៅខាងមុខ ប៉ុន្តែវ៉ាមិនផុត ក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យខ្ទាត ២នាក់មកខាងស្តាំងដៃ ក៏ត្រូវរថយន្តដែលខ្លួនវ៉ានោះកិនពីលើបណ្តាលឲ្យស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខជញ្ជីងថ្លឹងរថយន្តស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត    ទី១ឈ្មោះ ផៃ បុប្ផា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកបើកម៉ូតូ ទី២-ឈ្មោះ លឹម លាង ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ចំណែកអ្នករងរបួសស្រាលមានឈ្មោះ ទន់ រ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្នារ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ 

ប្រភពបន្ថែមថាមុនពេលកើតហេតុជនរងគ្រោះទាំង ៣នាក់ខាងលើនេះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Y-9377 តាមបណ្តោយផ្លូវជាតិ             លេខ៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តធន់ធំមួយគ្រឿង ប៉ុន្តែវ៉ាមិនផុតក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BY-5300 ក្នុងទិសដៅបញ្រ្ចាស់គ្នា ហើយធ្វើឲ្យមនុស្សពីរនាក់ខ្ទាតមកខាងស្ដាំ ក៏ត្រូវបានរថយន្តធន់ធំ ដែលជិះវ៉ានោះ កិនស្លាប់ទាំងពីរនាក់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអធម៌តែម្តង ក្រោយកើតហេតុរថយន្តធុនធំនោះក៏បានបន្ថែមល្បឿនបើកគេចបាត់ស្រមោលភ្លាមៗផងដែរ ។

បន្ទាប់មកក៏មានសមត្ថកិច្ចនគរបាលជំនាញបានចុះទៅធ្វើការវាស់វែងរួចបានអូសយកវត្ថុតាងពាក់ព័ន្ធទៅរក្សាទុកជាបណ្តោះអាន្នរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ចំណែកសពប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។