2024-06-06 12:06
206

ត្បូងឃ្មុំ៖ ក្រោយពីផ្ទុះការរិះពីសំណាក់មហាជននៅលើបណ្តាញសង្គមយ៉ាងកក្រើក ជុំវិញករណីក្រុមមន្ត្រីគយចល័តតំបន់៦​ ចុះបង្ក្រាប និងដកហូតទូរសព្ទដៃជាច្រើនពីហាងលក់ទូរសព្ទដៃនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានស្នើឲ្យក្រុមមន្ត្រីគយចល័ត មុននឹងចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ សូមរាយការណ៍ចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេស ក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបានទទួលព័ត៌មាន ក្តាប់ព័ត៌មាន អាចគ្រប់គ្រងស្ថានការ មានចំណាត់ការបានទាន់ពេលវេលាងាយស្រួលរាយការណ៍បន្តទៅថ្នាក់ជាតិ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ស្ថាប័នតុលាការ នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព ការិយាល័យចំណុះរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនផងដែរ។

លោកអភិបាលខេត្ត បានលើកឡើង បានក្រើនរំលឹកនូវអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា៖  «សំអាតផ្ទះយើង» ដោយស្នើរឲ្យទាំងអស់គ្នាត្រូវតែចង់ចាំ និងដក់ជាប់ក្នុងបេះដូងដូច្នេះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប ទើបទទួលបានជោគជ័យ លើការងារ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងក្នុងកិច្ចប្រជុំនោះថា៖ «ពាក់ព័ន្ធករណី ល្បែងស៊ីសងខុសច្បាប់ ល្បែងជល់មាន់ ការទន្ទ្រានដីព្រៃលិច និងបទល្មើសនានា ជាពិសេសបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបង្ក្រាប ទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ និងរក្សាសភាពការណ៍ទូទៅទូទាំងខេត្តត្បូងឃ្មុំ ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសករណី ក្រុមនក្មេងទំនើងដាក់ទោសស្រាល ឬធ្ងន់ទៅតាមអ្វីដែលពួកគាត់បានប្រព្រឹត្តិ ដោយគ្មានការលើកលែងនោះឡើយ»

អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការណែនាំដល់គ្រប់សមត្ថកិច្ចពាកព័ន្ធត្រូវអនុវត្តន៍ជាប្រចាំ រួមមាន៖ ត្រូវយកចិត្តទុក​ដាក់បង្កើនជីវភាពពលរដ្ឋ, រាល់សំណើរ និងសំណូមពរផ្សេងៗពីពលរដ្ឋត្រូវដោះស្រាយបន្ទាន់ ជាពិសេសការជំរុញការដោះស្រាយបញ្ហាជំលោះក្រៅប្រព័ន្ធតុលាការ។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ កន្លងទៅ នៅក្នុងខេត្តត្បូងឃ្មុំបានដោះស្រាយបញ្ចប់ជាង ២០០ករណី និងត្រូវធ្វើបន្តទៀតដោយឈរលើយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ»

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់មានអាជ្ញាធរស្រុក និងកងកម្លាំងចម្រុះ ដែលបានបោះទីតាំង និងចុះល្បាតនៅតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដោយបន្ទាប់ពីដាក់វិធានការក្តៅ បានធ្វើឲ្យតំបន់នេះ លែងមានការលួចចូលឈូសឆាយទន្ទ្រានខុសច្បាប់បន្តទៀត នេះជាលទ្ធផលនៃការអនុវត្តន៍រួមគ្នា និងស្នើឲ្យបន្តលើកិច្ចការងារនេះបន្ថែមទៀត ដើម្បីថែរក្សាតំបន់នេះជាសម្បត្តិរបស់រដ្ឋ និងសម្រាប់ជាផលប្រយោជន៍រួម៕