2024-06-14 09:06
166

(ព្រៃវែង)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចូលរួមថែរក្សាពូជត្រីជិតផុតពូជឱ្យបានល្អ មិនត្រឹមតែការពារត្រីធម្មជាតិទេ គឺជួយដល់ធម្មជាតិថែមទៀត ដោយមិនផ្ដោតតែលើបច្ចេកទេសទេ ត្រូវគិតគូរឱ្យមានលក្ខណៈសេដ្ឋកិច្ចផងដែរ។
   ការលើកឡើងនេះរបស់លោក បានធ្វើឡើងក្នុងឱកាសដែលលោកនិងថ្នាក់ដឹកនាំ បានចុះត្រួតពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតក្នុងឃុំពាមជរ ស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដោយលោករដ្ឋមន្រ្តី បានអញ្ជើញពិនិត្យកន្លែងបង្កាត់ ភ្ញាស់កូនត្រី ការផលិតចំណី និងដំណើរការចិញ្ចឹមតាមលក្ខណៈបច្ចេកទេស។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងមានចំណាប់អារម្មណ៍ផ្តល់អនុសាសន៍ដល់មជ្ឈមណ្ឌលពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការអភិរក្សត្រីដែលជិតផុតពូជ ក៏ដូចជាការបង្កាត់ និងពង្រីកពូជ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារជាអាទិ៍ ត្រីខ្ជឹង និងត្រីគល់រាំង ដែលជានិមិត្តរូបនៃប្រទេស។
   ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា «ការចូលរួមថែរក្សាពូជត្រីជិតផុតពូជទាំងនេះឱ្យបានល្អ មិនត្រឹមតែការពារត្រីធម្មជាតិទេ គឺនឹងជួយដល់ធម្មជាតិថែមទៀត ដូច្នេះការសិក្សាគឺមានសារសំខាន់ណាស់ដោយមិនត្រូវផ្តោតតែបច្ចេកទេស គឺត្រូវគិតគូរឱ្យមានលក្ខណៈសេដ្ឋកិច្ចថែមទៀត»។
ទន្ទឹមនឹងការអភិរក្សនិងបង្កាត់ពូជបន្ថែម លោក ឌិត ទីណា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពន្យល់អប់រំ និងកែប្រែឥរិយាបថអ្នកបរិភោគដែលនៅតែយល់ថា ត្រីចិញ្ចឹមមានគុណភាពមិនល្អ ព្រោះថាសព្វថ្ងៃនេះការចិញ្ចឹមត្រីធ្វើឡើងដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ។
បន្ថែមពីនេះ លោកក៏បានលើកឡើងផងដែរអំពីការចូលរួមទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ និងការចូលរួមអភិរក្សធនធានធម្មជាតិ ដែលជាការងារចាំបាច់ដើម្បីធានានិរន្តរភាពធនធានធម្មជាតិឱ្យមានបន្តរហូត ដូចជាការអភិរក្សផ្សោត ត្រីគល់រាំង និងត្រីរាជជាដើម ធ្វើយ៉ាងណាឱ្យពូជត្រីកម្រនេះមានវត្តមានកាន់តែច្រើនឡើង ដូចពាក្យស្លោកដែលថា "ទីណាមានទឹក ទីនោះមានត្រី"។
  សូមជម្រាបផងដែរថា នៅក្នុងមជ្ឈមណ្ឌលមានពូជត្រីសាច់ឬត្រីសម្រាប់ផលិតកម្ម ដូចជា ត្រីប្រា ត្រីឆ្ពិន ត្រីទីឡាព្យា ត្រីរ៉ស់ ត្រីកាប ត្រីអណ្តែងទន់ អណ្តែងអាព្រិច ខ្យង កង្កែប បង្កង និងអណ្តើកដែលយកមកអភិរក្សផងដែរ៕