2024-09-06 02:09
57

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ តំណាងភាគីកម្មករនិយោជិត បានស្នើបន្ថយតួលេខកំណើនពី ចំនួន ១៤ ដុល្លារអាម៉េរិក មកចំនួន ១០ ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ ដុល្លារអាម៉េរិក។ ចំណែកតំណាងភាគីនិយោជក បានស្នើដំឡើងតួលេខកំណើនពី ចំនួន ១ ដុល្លារអាម៉េរិក ទៅចំនួន ២ ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។ នេះបើការបញ្ជាក់របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សូមជម្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំត្រីភាគីលើកទី៣ របស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ០៨ លើក រួមមាន៖ កិច្ចប្រជុំត្រីភាគី ចំនួន ០៣ លើក, កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ០៣ លើក និងតំណាងភាគីនិយោជក ចំនួន ០២លើក។  

កិច្ចពិភាក្សានោះភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើបន្ថយតួលេខកំណើនពី ចំនួន ១៤ ដុល្លារអាម៉េរិក មកចំនួន ១០ ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានស្នើដំឡើងតួលេខកំណើនពី ចំនួន ១ ដុល្លារអាម៉េរិក ទៅចំនួន ២ ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។
អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤៕