2024-07-12 05:07
223

កោះកុង ÷សំណង់អត់ច្បាប់មួយកន្លែង ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ដែលគេបានស្គាល់ថា ម្ចាស់សំណង់ ឈ្មោះ ប៊ុន ប្រុស ជាអធិការរងស្រុកបូទុមសាគរ បានសាងសង់រំលោភចូលចំណីព្រែក ដែលមិនមានច្បាប់អនុញ្ញាត បើទោះបីជាមានការចុះហាមឃាត់ ឬឱ្យរុះរើសពីសំណាក់អាជ្ញាធរនិងជំនាញហើយក្តី ក៏លោកអធិការរងរូបនេះ មិនព្រមរុះរើ នៅបន្តធ្វើការសាងសង់ ពុំខ្វល់ខ្វាយពីច្បាប់អ្វីទាំងអស់ ។

បើតាមការលើកឡើងពីមន្ត្រីសាលា បានលើកឡើងថា រាល់សំណង់ដែលធ្វើការសាងសង់នៅលើចំណីព្រែក គឺមិនអាចសាងសង់បាននោះទេ ហើយក៏មិនមានច្បាប់អនុញ្ញាតឲ្យធ្វើការសាងសង់នោះដែរ បើម្ចាស់សំណង់រូបណាធ្វើការសាងសង់រំលោភលើចំណីព្រែក ជាទង្វើមួយខុសពីផ្លូវច្បាប់ទាំងស្រុង  ហើយបើម្ចាស់សំណង់នោះ ជាអ្នកកាន់ច្បាប់ថែមទៀត គឺកំហុសកាន់តែធ្ងន់ធ្ងរថែមទៀត ។

ពាក់ព័ន្ធទៅនិងការសាងសង់សំណង់រំលោភចូលចំណីព្រែកខាងលើ ត្រូវបាន លោក ប៊ុន ប្រុស ម្ចាស់សំណង់អះអាងតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ថា សំណង់របស់លោក គឺជាសំណង់ឈើ ដែលជាសំណង់បណ្ដោះអាសន្ន រយៈពេល ៤ ទៅ ៥ឆ្នាំ វាត្រូវបានពុកអស់ហើយ ម្យ៉ាងទៀតសំណង់នេះលោកសាងសង់នៅលើទីតាំងផ្ទះចាស់  ហើយលោកធ្វើក្រវ៉ាត់សម្រាប់ដើរ មិនមែនធ្វើផែនោះទេ ។ 

លោក ប៊ុន ប្រុស បន្តថា លោកទទួលស្គាល់ថា លោកធ្វើចូលព្រែកប្រហែល២០ម៉ែត្រ ក៏ត្រូវបានអាជ្ញាធរមកប្រាប់ថា ប្រុសឯងកុំអាលធ្វើ ទៅសុំច្បាប់សិន លោកក៏ទៅដាក់ពាក្យស្នើសុំនៅសាលាឃុំ រួចក៏ធ្វើការសាងសង់បន្តទៀត ពីព្រោះលោកគិតថាបាន ដោយលោកបានដាក់ពាក្យស្នើសុំហើយ ម្យ៉ាងទៀតសំណង់ជាច្រើននៅតាមបណ្ដោយព្រែកក្នុងស្រុកបូទុមសាគរនេះ សុទ្ធតែសំណង់រឹងមាំ ដោយម្ចាស់សំណង់ជាច្រើន បានចាក់ដីធ្វើផ្ទះ ទើបលោកបន្តការសាងសង់បន្ថែមទៀតដូច្នេះ  អ្វីដែលលោកតូចចិត្តនោះ គឺអាជ្ញាធរគួរណាស់តែប្រាប់លោកថា ច្បាប់នឹងខ្ញុំធ្វើមិនបានទេ ប្រុសឯងទៅដាក់នៅនេះឬទៅដាក់នៅនោះទៅ បែជា អាជ្ញាធរស្រុកចុះមកឲ្យគាត់រុះរើតែម្ដង ទើបគាត់មានការប្រទាក់ពាក្យសម្ដីគ្នាតែម្តងទៅ ។

លោកអធិការរងបញ្ជាក់ទៀតថា សំណង់របស់លោក លោកមិនជំទាស់ទេក្នុងការឲ្យរុះរើ ប៉ុន្តែសូមឱ្យមានតម្លាភាព បើឱ្យរុះរើ ត្រូវរុះរើទាំងអស់គ្នា នៅតាមបណ្ដោយមាត់ព្រែកមួយនេះ ព្រោះមានសំណង់ជាច្រើនជាសំណង់រឹង រីឯសំណង់លោកគឺជាសំណង់ទន់ទេ ។

ជុំវិញបញ្ហាសំណង់ខាងលើ លោក ក្រូច បូរីសីហា អភិបាលស្រុកបទុមសាគរ បាន ឱ្យដឹងតាមទូរស័ព្ទថា លោកកំពុងជាប់ប្រជុំ បើមានការអី សូមទាក់ទងទៅអ្នក នាំពាក្យ ប៉ុន្តែមកទល់និងពេលនេះ ក្រុមការងារយើងនៅពុំទាន់អាចទំនងសុំការបំភ្លឺបាននៅឡើយទេ ដោយសារពុំមានលេខទំនាក់ទំនង ។

ដោយឡែក លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុង ក្រុមការងារយើងព្យាយាមទំនាក់ទំនងដើម្បីសុំការបំភ្លឺ លើករណីសំណង់ខាងលើនេះដែរ តែមិនអាចទំនាក់ទំនងបាន ដោយសារទូរស័ព្ទរបស់លោកខលពុំចូល ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ស្រុក ខេត្ត បានឱ្យម្ចាស់សំណង់ ឈ្មោះ ប៊ុន ប្រុស ជាអធិការរងស្រុកបូទុមសាគរ រុះរើសំណង់របស់ខ្លួនចេញដោយសារសំណង់របស់គាត់ សាងសង់រំលោភចូលក្នុងចំណីព្រែក  តែលោក ប៊ុន ប្រុស នៅតែបន្តសាងសង់ដដែល  ដោយសារ លោក ប៊ុន ប្រុស ឃើញថាមានសំណង់រឹងមាំជាច្រើនបានសាងសង់នៅតាមបណ្តោយព្រែកអណ្តូងទឹក និងបានរស់នៅយ៉ាងរំភើយ ដោយពុំមានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ចុះទៅធ្វើការហាមឃាត់ឬបញ្ជាអោយមានការរុះរើនោះឡើយ ចំឡែកអីតែសំណង់លោក ដែលជាសំណង់ទន់ បែជាត្រូវបានអាជ្ញាធរចុះមកធ្វើការហាមឃាត់ និង បញ្ជាអោយរុះរើបែបនេះ តើការអនុវត្តច្បាប់របស់អាជ្ញាធរ និងជំនាញពាក់ព័ន្ធ មានតម្លាភាពដែរឬយ៉ាងណា ៕