2024-10-08 09:10
36

ព្រៃវែង៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដើម្បីពិនិត្យ និងស្វែងយល់ វាយតម្លៃ ពង្រឹងគុណភាព ចំពោះលទ្ធផលការងាររបស់មន្ទីរអង្គភាព រដ្ឋបាល ក្រុង ស្រុក ដែលបានអនុវត្តកន្លងមក។ 

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដើម្បីអនុវត្តនូវគោលនយោបាយដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដោយត្រូវពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់ និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាដើម្បីលុបបំបាត់ឱ្យបានរាល់ភាពអសកម្មមួយចំនួននៅតាមមូលដ្ឋាន។ 

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ រដ្ឋបាលក្រុង ស្រុក ទាំង១៣ នៃខេត្តព្រៃវែង ដែលបានអនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួនលើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។ 

ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំណែនាំដល់រដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបាន ល្អប្រសើរឡើងបន្ថែមទៀត ក្នុងការបំពេញតម្រូវការចាំបាច់របស់គាត់។ 

ក្នុងនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលរដ្ឋបាលខេត្ត បានរៀបចំនូវព្រឹត្តិការណ៍ប្រណាំងទូក ង ដើម្បីអបអរសាទរ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងពិធីចេញព្រះវស្សានៅខេត្តព្រៃវែង ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងពិធីនោះ។ 

នៅក្នុងព្រឹត្តិការណ៍ប្រណាំងទូក ង នោះដែររដ្ឋបាលខេត្តក៏បានរៀបចំ ជាផែនការសកម្មភាពរួចជាស្រេចដើម្បីធានាឲ្យបានដល់នូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងឱកាសនៃការប្រារព្ធពិធីប្រណាំងទូក ង នោះ។ នៅក្នុងព្រឹត្តិការណ៍នោះផងដែរក៏មានការប្រគំ តន្ត្រី ដាក់ស្តង់តាំងពិព័រណ៍ លក់ផលិតផលផ្សេងៗ និងបាញ់កាំជ្រូច សម្រាប់អបអរសាទរ នៅព្រឹត្តិការណ៍បណ្ដាំងទូក ង នោះផងដែរ។ 

សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនោះដែរមានការធ្វើបទអន្តរាគមន៍ស្តីពី៖

 ១- បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:ក្នុងខេត្តព្រៃវែង។

២- សេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារ ស្តីពីការត្រៀមរៀបចំប្រណាំងទូក “ង“ក្នុងខេត្តព្រៃវែង ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែតុលាឆ្នាំ២០២៤ខាងមុខនេះ។

៣- មតិចូលរួមរបស់ សមាជិក សមាជិកា នៃអង្គប្រជុំ៕