2024-10-14 09:10
15

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានបន្ដជួបជាមួយពលរដ្ឋរងគ្រោះចំនួន៤១៤រូបទៀតក្នុងសំណុំរឿងពាក់ព័ន្ធក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមទី១៤។ ជំនួបនេះធ្វើឡើងនៅខេត្តសៀមរាប ។

ថ្លែងក្នុងឱកាសនោះ លោក គី តិច បានអះអាងថា ក្រោយពីទទួលបានការចាត់តាំង និងទទួលបានសិទ្ធិប្រទាន ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងរៀបចំក្រុមការងារជាបន្ទាន់ភ្លាមៗលើការផ្ដល់សេវ៉ាការពារផ្លូវច្បាប់ជូនប្រជាពលរដ្ឋរងគ្រោះ។

លោក គី តិច បានគូសបញ្ជាក់ថា មេធាវីរាជរដ្ឋាភិបាលបានជួបជាមួយពលរដ្ឋរងគ្រោះ ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ចំនួន១៣លើករួចមកហើយ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ដែលមានពលរដ្ឋប្រមាណ៥,០០០នាក់ ស្ម័គ្រចិត្តប្រគល់សិទ្ធិ និងបង្ហាញបញ្ជាក់ភស្តុតាងពាក់ព័ន្ធ។លើកនេះក្នុងគោលបំណងសម្រួលដល់ការចំណាយលើការធ្វើដំណើរ និងពាក់ព័ន្ធពេលវេលាការងាររបស់ពលរដ្ឋរងគ្រោះ ជំនួបលើកទី១៤នេះ សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជាគោលការណ៍ ចាត់តាំងលោកទេសរដ្ឋមន្ត្រី គី តិច ឲ្យដឹកនាំក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមការងារជំនួយ ចុះធ្វើកិច្ចការផ្ទាល់ជូនពលរដ្ឋ នៅចំណុចកណ្តាលទីរួមខេត្តខេត្តសៀមរាបដែលប្រជាពលរដ្ឋអាចអញ្ជើញមកពីខេត្តកំពង់ធំ, បន្ទាយមានជ័យ, ឧត្តរមានជ័យ, មណ្ឌលគីរី, រតនៈគីរី និងខេត្តជុំវិញតែម្ដង។ 

ជំនួបលើកទី១៣ និងលើកទី១៤ រៀបចំនៅថ្ងៃទី១១ដល់១៣ ខែតុលា ឆ្នាំ២០២៤ នៅទីរួមខេត្តសៀមរាប។ នេះ «អាចជាការបញ្ចប់ជំនួបរវាងមេធាវីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរងគ្រោះនៅក្នុងប្រទេស»។

ដោយឡែក សម្រាប់ពលរដ្ឋរងគ្រោះ ដែលកំពុងជាប់បម្រើការងារនៅក្រៅប្រទេសវិញ លោកទេសរដ្ឋមន្ត្រី គី តិច បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរសម្រួលជូនពលរដ្ឋរងគ្រោះដោយអាចឲ្យពួកគាត់ធ្វើការទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជាប្រចាំក្នុងប្រទេសនីមួយៗនោះ សហការធ្វើកិច្ចការលើទម្រង់លិខិតប្រគល់សិទ្ធិជូនមេធាវី និងលើកិច្ចការប្រមូលយកភស្តុតាងបញ្ជាក់ផ្សេងៗ ដែលមានការពាក់ព័ន្ធរួចបញ្ជូនមកក្រុមមេធាវីរាជរដ្ឋាភិបាល ។

លោកទេសរដ្ឋមន្ត្រី គី តិច បានបន្ថែមទៀតថា កន្លងមកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតែតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗ ក្នុងសំណុំរឿងនេះ។

 សូម្បីតែក្នុងពេលដឹងថា លោកកំពុងធ្វើដំណើរមកជួបពលរដ្ឋរងគ្រោះនៅខេត្តសៀមរាបនេះ ក៏សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារសាកសួរ និងបានណែនាំការងារ ព្រមទាំងបានផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនដែលកំពុងរងគ្រោះនេះដែរ។

លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិពីប្រជាពលរដ្ឋរងគ្រោះជូនក្រុមមេធាវីរាជរដ្ឋាភិបាលត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្ត និងត្រូវគោរពតាមគោលការណ៍ច្បាប់ និងគោលការណ៍នីតិវិធីជាធរមាន។ 

ក្រោយបានទទួលការប្រគល់សិទ្ធិស្របតាមច្បាប់ ទើបមេធាវីរាជរដ្ឋាភិបាល មានសិទ្ធិក្នុងកំណត់ច្បាប់ អាចទទួលជួយការពារក្តី និងអាចដំណើរការនីតិវិធីក្តី នៅតុលាការបាន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធ ក្នុងសំណុំរឿងនេះ ពុំមានតម្រូវឲ្យមានការបង់ប្រាក់សម្រាប់ជាសេវាមេធាវីឬរាល់ការចំណាយណាមួយរបស់មេធាវីរាជរដ្ឋាភិបាល ដែលបានចាត់តាំងពីសម្តេចធិបតី នាយករដ្ឋមន្ត្រីនេះឡើយ ពោលគឺសម្តេចមហាបវរធិបតីប្រមុខរាជរដ្ឋាភិបាលជួយចេញលើបេសកកម្មការងាររបស់មេធាវីរាជរដ្ឋាភិបាលជំនួសពលរដ្ឋរងគ្រោះ៕