2024-10-14 09:10
16

រាជធានីភ្នំពេញ៖ កាលពីរសៀលចុងសប្តាហ៍កន្លងទៅនេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារអនុវត្តគម្រោង និងការត្រៀមការរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅសាលប្រជុំនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។

សូមបញ្ជាក់ថាការងារសាងសង់បានឈានដល់ដំណាក់កាលនៃការរៀបចំបើកការដ្ឋានសាងសង់ និងត្រៀមរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ចំពោះការងារផ្សេងៗទៀត ក៏កំពុងរៀបចំជាបន្តបន្ទាប់ដោយក្រុមការងារបច្ចេកទេសរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សហការជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការផ្តល់យោបល់ពីទីប្រឹក្សាបច្ចេកទេសរបស់កូរ៉េដែលការងារទាំងអស់នេះដំណើរការទៅដោយរលូន និងតាមកាលបរិច្ឆេទកំណត់ទៀតផង។

នៅក្នុងកិច្ចប្រជុំខាងលើនេះលោកជំទាវនាយកគម្រោងបានសម្តែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ ទាំងភាគីកម្ពុជា និងភាគីកូរ៉េ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញឱ្យគម្រោងទី១នេះ លេចចេញជារូបរាងឡើង ព្រមទាំងបានផ្តល់អនុសាសន៍បន្ថែម ដើម្បីពន្លឿនការរៀបចំការដ្ឋាន និងរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឱ្យបានឆាប់រហ័ស។ 

លើសពីនេះ លោកជំទាវក៏បានថ្លែងអំណរគុណដល់ភាគីមិត្ត    កូរ៉េដែលបានផ្តល់ឥណទានកម្ចីសម្បទានដល់កម្ពុជាក្នុងការកសាងមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលនឹងចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស             សុខាភិបាល ក៏ដូចជាពង្រឹងវិស័យសុខាភិបាលកម្ពុជា ដែលនឹងនាំទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសាកលសម្រាប់កម្ពុជានាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ស្វាហាប់ រស់រវើកប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង                 វិនតៈ រដ្ឋលេខាធិការ និងជានាយករងគម្រោង ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនសុជាតិ អនុរដ្ឋលេខាធិការ លោកសាស្ត្រាចារ្យ ជំនួយ ម៉ម សុវត្ថា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារបច្ចេកទេសអនុវត្តគម្រោង តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េ តំណាងក្រុមហ៊ុនសាងសង់កូរ៉េ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ប្រចាំកម្ពុជាផងដែរ ។