2024-10-06 10:10
31

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង     ឲ្យផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មមួយចំនួននៅជុំវិញមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

ដើម្បីចូលរួមចំណែកឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ ខាងលើប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង៣២មណ្ឌលក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងដូចខាងក្រោម៖*ទី១៖ ផ្អាកជាបណ្ដោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សា គ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។*ទី២៖ ផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានា ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ។*ទី៣៖ ទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡងដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃការប្រឡងរបស់បេក្ខជនហាមបង្កសំឡេងរំខាន ឬសកម្មភាពនានា។

*ទី៤៖ សម្រាប់ការផ្ញើទោចក្រយាន ទោចក្រយានយន្ត (កង់-ម៉ូតូ) នៅតាមមណ្ឌលប្រឡង មិនត្រូវបានបង់ប្រាក់ឡើយ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង២ រសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ ហឹបវិញ្ញាសាទាំងអស់សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានីខេត្តប្រកបដោយសុវត្ថិភាព។

ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះមានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដានៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះភាគីពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពារសុវត្ថិភាពក្នុងដំណើរការនៃការដឹកហឹបវិញ្ញាសាទៅតាមបណ្ដាខេត្តនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់៕