2024-10-15 08:10
12

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំក្រើនរំឭកដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស អភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងបន្ថែមលើការចូលរួមអនុវត្តវិធានការបង្ការ និងកាត់បន្ថយជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជា។ ដ្បិតក្រសួងអង្កេតឃើញថា ការចម្លងជំងឺគ្រុនឈាមជាលក្ខណៈប្រមូលផ្តុំតូចៗនៅតាមភូមិ ឃុំ ឬស្រុកមួយចំនួនមានការកើនខ្លះៗ។

ផ្អែកតាមលិខិតជម្រាបជូនរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលទៅកាន់ លោក លោកស្រី អភិបាលរាជធានី-ខេត្ត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បង្ហាញថា តាមរយៈប្រព័ន្ធតាមដានជំងឺគ្រុនឈាម ការចម្លងជំងឺគ្រុនឈាមមានការថយចុះជាទូទៅ ប៉ុន្តែការចម្លងជាលក្ខណៈប្រមូលផ្តុំតូចៗនៅតាមភូមិ ឃុំ ឬស្រុកមួយចំនួនមានការកើនខ្លះៗ។

ហេតុនេះទាមទារឱ្យមានការតាមដានជាប្រចាំ និងការធ្វើបុរេសកម្ម ក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា ពីភាគីពាក់ព័ន្ធដូចជា អភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរសុខាភិបាល អាជ្ញាធរមូលដ្ឋាន ពិសេសក្នុងតំបន់ដែលមានហានិភ័យខ្ពស់។

ក្រសួងបន្ថែមថា មន្ត្រីជំនាញពាក់ព័ន្ធទាំងនោះ ត្រូវត្រៀមការបាញ់ថ្នាំកម្ចាត់ជម្រកមូសខ្លា ធ្វើយុទ្ធនាការដាក់ថ្នាំបាណកឃាដ និងការអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដោយត្រៀមលក្ខណៈជាមុនឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបបញ្ហានេះ។ 

វិធានការទាំងនោះរួមមាន៖ ត្រូវកំណត់ទីតាំងភូមិសាស្ត្រ សម្រាប់ដាក់ថ្នាំបាណកឃាដ ដោយផ្អែកលើខ្សែបន្ទាត់តាមដាននិន្នាការស្ថានភាព ប្រចាំសប្តាហ៍នៅតាមភូមិសាស្ត្រ។

កំណត់ទីតាំងភូមិសាស្ត្ររាតត្បាត ដើម្បីឈានដល់សកម្មភាពបាញ់ថ្នាំសម្លាប់មូស ដោយផ្អែកលើខ្សែបន្ទាត់។ 

តាមដាននិន្នាការស្ថានភាពប្រចាំសប្តាហ៍នៅតាមភូមិសាស្ត្ររាយការណ៍ទៅកម្មវិធីជាតិនូវបញ្ជីសម្រង់ព័ត៌មាន អំពីលទ្ធផលសកម្មភាពការងារគ្រប់គ្រងភ្នាក់ងារចម្លង និងអប់រំសុខភាព។ 

បង្កើតក្រុមការងារអភិបាលកិច្ចការងារដាក់ថ្នាំបាណកឃាដ នៅមន្ទីរសុខាភិបាល ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព។

ទន្ទឹមគ្នានោះ អភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរសុខាភិបាល អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើតក្រុមការងារពិសេសសម្រាប់គ្រប់គ្រង និងសម្របសម្រួលការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម តម្រង់ទិស អនុវត្តសកម្មភាពការងារតាមដាន និងវាយតម្លៃផលប៉ះពាល់ និងស័ក្តិសិទ្ធិភាព។ 

ធ្វើបច្ចុប្បន្នភាពសមតុល្យសម្ភារបរិក្ខារ និងឱសថរួមមាន៖ សេរ៉ូម ថ្នាំបាណកឃាដ ថ្នាំបាញ់សម្លាប់មូស និងសម្ភារអប់រំសុខភាព។ 

ផ្សព្វផ្សាយដល់សហគមន៍ អំពីការបញ្ជូនអ្នកជំងឺ និងការស្វែងរកសេវាថែទាំសុខភាពក្នុងអំឡុង ៤៨ម៉ោង បន្ទាប់ពីគ្រុនក្ដៅខ្លាំងភ្លាមៗពី៣៩ ទៅ៤០អង្សាសេ។ 

បន្ថែមលើនោះ ក៏ត្រូវអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់មូលដ្ឋានដោយផ្ទាល់ តាមបណ្តាញសង្គម និងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមអនុវត្តសកម្មភាពគ្រប់គ្រងវត្ថុ ឬដក់ទឹក ដែលទុកចោលមិនប្រើប្រាស់ ដោយត្រូវកប់ ដុតកម្ទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់៕