2024-10-06 07:10
45

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បញ្ជាក់ថា៖  ប្រទេសកម្ពុជា គឺជាម្ចាស់ផ្ទះរៀបចំកិច្ចប្រ​ជុំកំពូលហ្វ្រង់កូហ្វូនី​ លើកទី២០ នៅឆ្នាំ២០២៦ ដោយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានប្រកាសជាផ្លូវការនៅវិមាន Grand Palais ទីក្រុងប៉ារីស នាថ្ងៃទី០៥ ខែតុលានេះ និងមានការទះដៃអបអរសាទរយ៉ាងកងរំពងពីបណ្តាប្រមុខរដ្ឋ និងរដ្ឋាភិបាល

ក្រសួងការបរទេស បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា៖ បន្ទាប់ពីការប្រកាសមានការចាក់បញ្ចាំងវីដេអូស្តីពីប្រទេសកម្ពុជា ដែលបង្ហាញថាកម្ពុជា ជាប្រទេស ដែលមានវប្បធម៌ជាចលករមួយសម្រាប់ការអភិវឌ្ឍ និងជាចំណុចមួយដែលអតីតកាល និងអនាគតរួបរួមគ្នាប្រកបដោយសុខដុមរមនា។ ជាកិច្ចបន្ត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ ដែលព្រះអង្គមានព្រះរាជកិត្តិយសទទួលឱ្យប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។

ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និងក្រោមក្រសែភ្នែកកោតសសើររបស់អង្គប្រជុំទាំងមូល ព្រះករុណាព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថាដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា។ ព្រះអង្គក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាឱកាសដ៏ ពិសេសមួយសម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយដ៏សប្បាយរីករាយ៕