2024-10-11 10:10
25

សន្និបាតនេះត្រូវបានរៀបចំធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តរតនគិរី ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

បន្ទាប់ពី ប្រសាសន៍ស្វាគមន៍របស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរួចមក ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ចូលរួមសហការ ជាមួយមន្ទីរជំនាញ ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាពស្របតាមគោលនយោបាយរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្ត ជូនដល់ប្រជាពលរដ្ឋ។ 

ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ បានផ្ដល់នូវអនុសាសន៍មួយចំនួន ក្នុងការជម្រុញការអនុវត្តការងារឲ្យបានកាន់តែប្រសើរ មានប្រសិទ្ធិភាព ស្របតាម ទិសដៅ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដូចជា៖ ជម្រុញការលើកទឹកចិត្តជូនដល់មន្ត្រីដែលខិតខំបំពេញការងារ - ជម្រុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ - ជម្រុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងចុះបញ្ជីដីរដ្ឋឲ្យបានចប់ - ជម្រុញការចែកបណ្ណជូនប្រជាពលរដ្ឋ - ជម្រុញការដោះស្រាយវិវាទដីធ្លី - ជម្រុញការធ្វើប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីទូទាំងខេត្ត - ជម្រុញការគ្រប់គ្រងសំណង់ ទប់ស្កាត់សំណង់សាងសង់គ្មានលិខិតអនុញ្ញាត សំណង់លើដីសាធារណៈរបស់រដ្ឋ និងសំណង់សាងសង់ខុសលិខិតអនុញ្ញាត - ជម្រុញការធ្វើបច្ចុប្បន្នភាព ទីតាំងលំនៅឋានបណ្តោះអាសន្ននៅលើដីសាធារណៈ និងដីឯកជនរបស់រដ្ឋ - ជម្រុញការគិតគូរដល់ប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ និងអតីតកងកម្លាំងប្រដាប់អាវុធ តាមរយៈការធ្វើសម្បទានដីសង្គមកិច្ច។

បន្តជំរុញរាល់ដំណើរការកំណែទម្រង់ឱ្យបានខ្លាំងស្រះដៃគ្នា និងកាន់តែទទួលបានផ្លែផ្កា ដោយអនុវត្ត តាមអភិក្រមរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាតិ “ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព” ដើម្បី ដោះស្រាយនូវកង្វល់ និងការថ្នាំងថ្នាក់របស់ប្រជាជន ព្រមទាំងបង្កើនជំនឿ និងការគាំទ្ររបស់ប្រជាជន នៅ គ្រប់ផ្នែកគ្រប់ថ្នាក់ នៅមូលដ្ឋានឱ្យមានលក្ខណៈទូលំទូលាយ ស៊ីជម្រៅ និងដាច់ខាត។និងធ្វើជាគំរូ ធ្វើពីលើ ចុះក្រោម និងពីក្រោមឡើងលើព្រមគ្នា ឱ្យក្លាយជាចលនារួមដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល ក្នុងនោះថ្នាក់លើត្រូវ ធ្វើគំរូដល់ថ្នាក់ក្រោម ចាត់ទុកការកែទម្រង់ គឺជាការងាររបស់យើងទាំងអស់គ្នា ដែលត្រូវអនុវត្តដោយភ្ញាក់រលឹក និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាការផ្តល់សេវាឱ្យកាន់តែប្រសើរឡើងជូនប្រជាជន និងវិស័យឯកជន ក៏ដូចជា កិច្ចសហការអភិវឌ្ឍលើគ្រប់វិស័យ៕