2024-10-12 11:10
29

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះថា សម្រាប់អុំទូកដែលធ្វើនៅខេត្តកំពង់ធំ គឺប្រារព្ធនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ពាក់ព័ន្ធទៅនឹងការរៀបចំសណ្ដាប់ធ្នាប់នៅក្នុងខេត្តមានផែនការរបស់ គណៈបញ្ជាការឯកភាព គឺកងកម្លាំងទាំង៣។

ដោយឡែកកងកម្លាំងជានគរបាលបានបញ្ចុះកម្លាំង នៅតាមដងស្ទឹងសែន ជាកន្លែងប្រារព្ធពិធីបុណ្យអុំទូក សម្រាប់បងប្អូនប្រជាពលរដ្ឋយើងមកកម្សាន្តសប្បាយ ក៏ដូចជាកីឡាករ ដែលគាត់អញ្ជើញមកតាមក្រុង ស្រុកផ្សេងៗ ដែលមកជួបជុំគ្នាតាមដងស្ទឹងសែននេះ ជាទីប្រជុំជនរបស់ខេត្តកំពង់ធំ។

លោកស្នងការបន្តថា ពាក់ព័ន្ធនឹងកម្លាំងដែលរៀបចំសណ្ដាប់ធ្នាប់ គឺកម្លាំងបញ្ចៀសចរាចរណ៍ និងសម្រួលចរាចរណ៍នៅតាមដងស្ទឹង បងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តដោយថ្មើរជើង គឺមានកម្លាំងសន្តិសុខ និងកម្លាំងសណ្ដាប់ធ្នាប់ ជួយសម្រួលពួកគាត់ កម្លាំងសន្តិសុខ គឺកម្លាំងការពារសុវត្ថិភាព មិនឱ្យមានហេតុការណ៍អ្វីកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករដែលមកប្រកួត និងមកកម្សាន្តសប្បាយក្នុងកម្មវិធីបុណ្យនេះ។

ក្នុងនាមជាសមត្ថកិច្ចសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តសប្បាយសម្រាប់ថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ជាពិធីបុណ្យអុំទូកនេះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកស្ទឹងសែន នៅមានកម្រិតខ្ពស់ ហើយមួយចំណែកទៀតនោះ គឺពាក់ព័ន្ធទៅនឹងសម្ភារៈ របស់របរ ប្រជាពលរដ្ឋមកលេងមានចំនួនច្រើន គឺតែងតែមានជនឆ្លៀតឱកាស សំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋប្រយ័ត្នសម្ភារៈផ្ទាល់ខ្លួន។

ការធ្វើដំណើរតាមដងផ្លួវ គឺត្រូវប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ពាក់ព័ន្ធទៅនឹងគ្រោះអគ្គិភ័យ គឺត្រូវប្រយ័ត្នប្រយែង ពាក់ព័ន្ធនឹងភ្លើង ទៀន ធូប ជាពិសេសចរន្តអគ្គិសនីចៀសវាងកុំឱ្យ មានអគ្គិភ័យកើតឡើង និងសូមឱ្យអាណាព្យាបាលទាំងអប់រំកូនចៅឱ្យចៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើយនៅក្នុងពិធីបុណ្យអុំទូកនេះមានការឃោសនាអប់រំពីផលប៉ះពាល់នៃគ្រឿងញៀននេះដែរ។

លោកឧត្តមសេនីយ៍ត្រី ហេង សុផល សូមសម្ដែងនូវការអរគុណជាពិសេសចំពោះរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ឆ្នាំនេះតាមប្រសាសន៍របស់សម្ដេចបវរធិបតី គឺឱ្យធ្វើធំជាងឆ្នាំណាៗទាំងអស់ ដើម្បីលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមឱ្យបានសប្បាយទាំងអស់គ្នា ហើយក៏សូមអរគុណដែរ ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាឧត្ដមសេនីយ៍ អគ្គស្នងការ អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ ហើយក៏លើកទឹកចិត្តដល់កងកម្លាំងជានគរបាលនៅក្នុងខេត្តកំពង់ធំ ធ្វើម៉េចការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងកម្មវិធីឱ្យបានសុវត្ថិភាពជូនបងប្អូនសប្បាយ៕