2024-10-07 10:10
29

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញចុះត្រួតពិនិត្យការងារហ្វឹកហាត់សម ដើម្បីរៀបចំបើកវគ្គវិក្រឹត្យការគរុកោសល្យ និងនាយទាហានគ្រប់គ្រង ជំនាន់ទី៣ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ស្អែកនេះ។

ការអញ្ជើញចុះត្រួតពិនិត្យការងារហ្វឹកហាត់សមនេះ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ 

ពិធីបើកវគ្គនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ស្នងការស្នងការដ្ឋានទាំង៧ និងនាយការិយាល័យជំនាញផងដែរ។

សូមជម្រាបថា កងរាជអាវុធហត្ថដែលជាផ្នែកមួយរបស់ កងយោធពលខេមរភូមិន្ទ តែងតែចាត់ទុកការងារហ្វឹកហ្វឺន គឺជាការងារអាទិភាពចំបង ដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព គុណភាពនាយទាហាននៃកងរាជអាវុធហត្ថ និងសម្រាប់ការធ្វើកំណែទម្រង់ស្ថាប័នកងរាជអាវុធហត្ថ។

សូមបញ្ជាក់ថា វគ្គវិក្រឹត្យការគរុកោសល្យ និងនាយទាហានគ្រប់គ្រងជំនាន់ទី៣ មានសិក្ខាកាមចូលហ្វឹកហ្វឺន ចំនួន ៨៨ នាក់ រយះពេលហ្វឹកហ្វឺន រួមចំនួន ២០ថ្ងៃកន្លះ ស្មើនឹង ១៤៣ ម៉ោង និងខ្លឹមសារមេរៀនផ្តោតទៅលើមុខវិជ្ជាលំហាត់របៀប មុខវិជ្ជាគ្រប់គ្រង មុខវិជ្ជាអប់រំនយោបាយចិត្តសាស្ត្រ និងការហ្វឹកហាត់កីឡា៕